• ការិយាល័យប្រធានាធិបតីអាមេរិក បដិសេធការចោទប្រកាន់ដែលថា លោក ដូណាល់ ត្រាំ ធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយតារាភាពយន្តអាសអាភាស

     ថ្ងៃអង្គារ 27 ខែមីនា 2018    1607 Views

    ទំហំអក្សរ៖

    ការិយាល័យប្រធានាធិបតីអាមេរិកបានចេញមកបដិសេធការចោទប្រកាន់ដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មានទំនាក់ទំនងផ្លូវភេទជាមួយតារាភាពយន្តអាសអាភាសអ្នកនាង ស្តូមី ដានីញ៉ែល (Stormy Daniels) ក្នុងឆ្នាំ២០០៦ ។

    អ្នកនាំពាក្យអោយការិយាល័យប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី ត្រាំ មិនជឿថារាល់ការអះអាងដែលអ្នកនាង ដានីញ៉ែល បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍នោះមានសុក្រឹតភាពឡើយ។

    សូមរំលឹកថា អ្នកនាង ស្តូមី ដានីញ៉ែល (Stormy Daniels) បាននិយាយយ៉ាងលំអិតអំពីទំនាក់ទំនងផ្លូវភេទរបស់នាងជាមួយ លោក ត្រាំ កាលពីអំឡុងឆ្នាំ២០០៦នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។

    នៅក្នុងបទសម្ភាសន៍នោះអ្នកនាង ដានីញ៉ែល បាននិយាយថាក្នុងឆ្នាំ២០១១រូបនាងត្រូវបានគេគំរាមមិនអោយឆាឆៅលោក ត្រាំ ហើយរូបនាងបានទទួលប្រាក់១៣ម៉ឺនដុល្លារអាមេរិកពីមេធាវីលោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ដើម្បីអោយនាងរក្សាការសម្ងាត់អំពីទំនាក់ទំនងផ្លូវភេទនោះ។

    បច្ចុប្បន្ននេះ មេធាវីរបស់លោក ត្រាំ កំពុងតែស្វះស្វែងប្ដឹងរកសំណងជាទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកពីតារាស្រីម្នាក់នេះដោយនិយាយថាតារាស្រីរូបនេះបានបំពានកិច្ចសន្យារក្សាការសម្ងាត់នោះ។

    ជាមួយគ្នានោះ អ្នកនាង ដានីញ៉ែល ក៏កំពុងតែប្ដឹងលោក ត្រាំ ដែរដោយចោទប្រកាន់ថាកិច្ចសន្យាដែលនាងបានចុះហត្ថលេខានោះមិនមានសុពលភាពទេដោយសារ លោក ត្រាំ មិនបានចុះហត្ថលេខាលើកិច្ចសន្យានោះទេ៕

    ប្រភព៖ CNC


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី