• ខ្សែប្រយុទ្ធ Cristiano Ronaldo ទាត់បកក្រោយ យ៉ាងអស្ចារ្យ ជួយ Real Madrid ឈ្នះ Juventus ជើងទី១ វគ្គ៨ក្រុម UEFA Champions League (មានវិដេអូ)

     ថ្ងៃពុធ 04 ខែមេសា 2018    1308 Views

    ទំហំអក្សរ៖

    ក្រុមការពារជើងឯក Real Madrid មានក្តីសង្ឃឹមខ្ពស់ ដើម្បីឡើងទៅជុំបន្ត ពានរង្វាន់ UEFA Champions League ក្រោយទទួលជ័យជំនះ លើក្រុមសេះបង្កង់ Juventus នៅជើងទី១ វគ្គ៨ក្រុម។

    លេងទើបបាន៣នាទី នាទីលាន Allianz Stadium, Isco បានបញ្ជូនបាល់អោយ ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីគ្រាប់បើកឆាក យ៉ាងល្អ ដែលគ្រាប់ស៊ុតតែមួយលើកគត់នៅវគ្គទី១។ មកដល់វគ្គទី២ នាទី៦៤ ខណៈពេលកំពុងមមាញឹកនឹងការវាយលុកដៃគូ Daniel Carvajal បានបញ្ចូនអោយ Cristiano Ronaldo លោតទាត់បកក្រោយ ចូលទីយ៉ាងអស្ចារ្យ នាំមុខ ២ គ្រាប់។

    ការស៊ុតចូលទីទាំង២គ្រាប់នេះ ធ្វើអោយកីឡាករសញ្ជាតិព័រទុយហ្កាល់ ក្លាយជាកីឡាករដំបូងគេទាត់បញ្ចូលទី១០ប្រកួតជាប់គ្នា ក្នុងពានកំពូលអឺរ៉ុបនេះ ហើយវាក៏ជាគ្រាប់ទី ២៥ របស់គេនៅ១៣ប្រកួតចុងក្រោយសម្រាប់ក្លិប និង ក្រុមជម្រើសជាតិ។

    Juventus ដែលជាម្ចាស់ផ្ទះ មានឱកាសគ្រប់គ្រងបាល់តែ ៣២ភាគរយប៉ុណ្ណោះ ហើយនៅនាទី ៦៦ ពួកគេកាន់តែមានភាពលំបាកក្រោយ Paulo Dybala ត្រូវពិន័យកាតក្រហម ដោយលើកជើងខ្ពស់បុកចង្កេះរបស់ Carvajal។

    នាទី៧២ Ronaldo បានបញ្ចូនអោយ Marcelo ធ្វើការទាត់បញ្ចូលទីទៀត នាំអោយក្រុម លោក Zidane ឈ្នះការប្រកួត ៣ទល់នឹង០តែម្តង។ ក្រុមទាំងសងខាង នៅជួបគ្នាជើងទី២ ម្តងទៀត នៅថ្ងៃទី ១១ ខែមេសា នាទីលាន Santiago Bernabeu របស់ Real Madrid វិញម្តង៕



    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី