• ទោះមានគ្នា ១០នាក់ តែ Barcelona នៅតែស្មើ Real Madrid បន្តកំណត់ត្រាមិនចាញ់នៅ La Liga

     ថ្ងៃចន្ទ 07 ខែឧសភា 2018    459 Views

    ទំហំអក្សរ៖

    ក្រុមអ្នកមានបុណ្យ FC Barcelona នៅតែបន្តកំណត់ត្រា មិនទាន់ចាញ់របស់ខ្លួន នៅលីគកំពូលអេស្ប៉ាញ បន្ទាប់ពីស្មើក្រុមគូប្រជែងធំ Real Madrid កាលពីយប់មិញ។ ការប្រកួតក្នុងទឹកដីខ្លួន Camp Nou, Luis Suarez បានរកគ្រាប់នាំមុខតាំងពីនាទី១០ ក្រោយ Sergi Roberto បញ្ចូនបាល់អោយ។ យ៉ាងណាក្តី ៤នាទីក្រោយមក Cristiano Ronaldo តាមស៊ុតស្មើវិញ។

    នេះជាគ្រាប់ទី២៥របស់កីឡាករសញ្ជាតិព័រទុយហ្កាល់នៅលីគកំពូលអេស្ប៉ាញរដូវកាលនេះ។ ជិតចប់វគ្គទី១ ទៅហើយ ស្រាប់តែ Sergi Roberto បានទទួលកាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយអោយមួយកែង ទៅ Marcelo។


    Barcelona សល់គ្នាតែ១០ នាក់ ពួកគេបាននាំមុខម្តងទៀតដោយ Lionel Messi ទាត់ចូលនៅនាទី៥២។ យ៉ាងណាក្តី ក្រុមលោក Zinedine Zidane នៅតែតាមស្មើម្តងទៀតដែរ ដោយគ្រាប់បាល់របស់ Gareth Bale នៅនាទី៧២។ លទ្ធផលស្មើគ្នា ២-២ ក៏បន្តដល់ចប់ការប្រកួតតែម្តង។


    Real Madrid នៅឈរលេខ៣ ក្រោមក្រុមជើងឯក Barcelona ១៥ពិន្ទុ។ ក្រុមអធិរាជស នៅសល់៣ប្រកួតក្នុងលីគ មុនពួកគេទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក្រោយមិនដែលជួបគ្នាទៀតសោះតាំងពីឆ្នាំ ១៩៨១មក៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី