• បំបែកសំណុំរឿងប្លន់សម្លាប់ និងលួចយ៉ាងសកម្ម៤ក្រុមផ្សេងគ្នា

     ថ្ងៃចន្ទ 03 ខែកក្កដា 2017    4113 Views

    ទំហំអក្សរ៖

    បន្ទាប់ពីមានករណីប្លន់សម្លាប់នៅចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើតកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥  បណ្តាលជនរងគ្រោះបាត់ខ្លួនរយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពស្លាប់យ៉ាងអណោចអធមក្នុងប្រឡាយទឺក និងករណីប្រើកាំបិតតាំងតោកាប់ប្លន់ម៉ូតូក្នុងភូមិសាស្ត្រខណ្ឌដង្កោកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែរនោះ អាវុធហត្ថរាជធានីភ្នំពេញបានបើកយុទ្ធនាការស្រាវជ្រាវជាបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមជាមួយចោរលួច ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២ក្រុមផ្សេងទៀតសរុប៧នាក់។

    ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងខអន្តរាគមន៍ និងកម្លាំងជំនាញមន្ទីរស្រាវជ្រាវយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៧នាក់ ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះ៤នាក់បានបើករថយន្តដឹកផ្លែឈើដល់ចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើតក៏ឈប់រថយន្តចុះបទជើង ពេលនោះក្រុមជនសង្ស័យមានគ្នា0៧នាក់ដែលឈប់ចាំពួនស្ទាក់ប្លន់ដូចសព្វដងបានធ្វើសកម្មភាពប្រើដាវ កាំបិត ដុំថ្ម ភ្ជង់គំរាម និងដេញកាប់ជនរងគ្រោះប្លន់យកប្រាក់ ទូរស័ព្ទដៃទំនើប និងគ្រឿងអល្ល័ង្កការមួយចំនួនរួចនាំគ្នាជិះម៉ូតូរត់ខ្លួនបាត់តែម្តង។ ក្នុងហេតុការណ៍នោះជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់បានបាត់ខ្លួនរយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពស្លាប់យ៉ាងអណោចអធមក្នុងប្រឡាយទឺក។

    រីឯករណីប្រើកាំបិតតាំងតោកាប់ប្លន់ម៉ូតូកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរបងផ្លូវចូលវត្តធុដុង្គ ចំការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលជនរងគ្រោះ២នាក់កំពុងអង្គុយជជែកគ្នាលេង ត្រូវអាវុធហត្ថខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនសង្ស័យ១នាក់ក្នុងចំណោម២នាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរក្រុមខាងលើនេះតែងតែប្រើដាវ  កាំបិត ដុំថ្ម ដេញកាប់ និងគប់នាក់ដំណើរប្លន់ជាច្រើនលើកច្រើនសាររួចមកហើយ។

    ទន្ទឹមគ្នានោះដែរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចផ្លូវ១០៨ កែងផ្លូវ៥១ សង្កាត់វត្តភ្នំ ពាក់ព័ន្ធនឹងបទល្មើសឆក់ទូរស័ព្ទដៃពីជនបរទេសនៅចំណុចផ្លូវ៥៣ កែងផ្លូវ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ខណៈដែលជនបរទេសនោះកំពុងតែឈប់ម៉ូតូដើម្បីមើលGPS រកទីកន្លែងដែលត្រូវធ្វើដំណើរ។ និងនៅថ្ងៃដដែលអាវុធហត្ថខណ្ឌច្បារអំពៅបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផ្សេងទៀតដែលជាចោរលួចយ៉ាងសកម្មនៅចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីក្រុមនេះបានលួចគាស់ផ្ទះប្រជាពល រដ្ឋកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។

    បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់រីឯបក្សពួកដែលនៅសេសសល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញកំពុងតែកំណត់អត្តសញ្ញាណតាម ចាប់ជាបន្តបន្ទាប់ថែមទៀត៕

    អត្ថបទ ៖ សុវណ្ណ រិទ្


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី