• រដ្ឋាភិបាលស៊ីរីបង្ហាញអាវុធរាប់រយដើមដែលក្រុមឧទ្ទាមប្រគល់ទៅអោយពួកគេជាថ្នូរនឹងការបើកច្រកសុវត្ថិភាពសម្រាប់ក្រុមឧទ្ទាម

     ថ្ងៃអង្គារ 24 ខែមេសា 2018    595 Views

    ទំហំអក្សរ៖

    កងកម្លាំងរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃចុងសប្ដាហ៍បានដាក់បង្ហាញអាវុធ និងយុទ្ធោបករណ៍យោធារាប់រយដែលពួកគេនិយាយថាជារបស់ក្រុមឧទ្ទាម។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលស៊ីរីបាននិយាយថា អាវុធទាំងនោះត្រូវបានក្រុមឧទ្ទាមប្រគល់ទៅអោយកងទ័ពស៊ីរីជាថ្នូរនឹងការបើកផ្លូវសុវត្ថិភាពដើម្បីអោយពួកគេចាកចេញពីតំបន់ហ្គាឡាម៉ោន (Galamoun) ចូលទៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរីវិញ។

    យោងតាមកងកម្លាំងរដ្ឋាភិបាលស៊ីរី អាវុធជាភាគច្រើនត្រូវបានផលិតនៅក្នុងអឺរ៉ុប និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលស៊ីរីបានចូលទៅគ្រប់គ្រងតំបន់ហ្គាឡាម៉ោន (Galamoun) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបន្ទាប់ពីក្រុមឧទ្ទាមបានជម្លៀសខ្លួនចូលទៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរីដែលជាការដោះដូរថ្មីមួយទៀតរវាងក្រុមឧទ្ទាមជាមួយនឹងរដ្ឋាភិបាល។

    ក្រុមឧទ្ទាមនៅក្នុងតំបន់នោះបានប្រគល់អាវុធទៅអោយរដ្ឋាភិបាលស៊ីរីជាថ្នូរនឹងច្រកចេញសុវត្ថិភាពបន្ទាប់ពីមានការវាយប្រហាររុញច្រានរបស់កងកម្លាំងរដ្ឋាភិបាលប្រឆាំងនឹងការបះបោរនៅក្នុងតំបន់នោះកាលពីដើមខែនេះ។

    រដ្ឋាភិបាលស៊ីរីបាននិយាយថា ខ្លួនកំពុងតែធ្វើសង្គ្រាមប្រឆាំងភេរវកម្ម ហើយបានព្យាយាមបង្ហាញពីភាពជោគជ័យរបស់ខ្លួនក្នុងពេលថ្មីៗកន្លងទៅដោយសារបានរំដោះដែនដីជាច្រើនពីការគ្រប់គ្រងរបស់ក្រុមភេរវករ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី