ក្រុមវេជ្ជបណ្ឌិតអាមេរិកមួយក្រុមបានធ្វើការវះកាត់ផ្លាស់ប្ដូរលិង្គ និងពងស្វាសទាំងមូលដោយជោគជ័យជាលើកដំបូងបំផុតនៅលើពិភពលោក។ ក្រុមវេជ្ជបណ្ឌិតវះកាត់នៅឯសាកលវិទ្យាល័យ ចន ហប់ឃីន (John Hopkins) នៅក្នុងទីក្រុងបាល់ទីម័រ (Baltimore) រដ្ឋម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក បានធ្វើការវះកាត់នោះអោយទាហានម្នាក់ដែលបានរងរបួសដោយសារគ្រាប់បែកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមវេជ្ជបណ្ឌិតវះកាត់បានប្រើប្រាស់លិង្គ, ពងស្វាស និងផ្នែកខ្លះនៃសាច់ក្បាលពោះដែលត្រូវបានវះកាត់ចេញមកពីអ្នកបរិច្ចាគម្នាក់ដែលបានស្លាប់ទៅហើយ។ ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ទាហានរូបនោះនឹងអាចដំណើរការឡើងវិញនូវមុខងារផ្លូវភេទរបស់គាត់។ ក្រុមវេជ្ជបណ្ឌិតចំនួន១១នាក់បានចំណាយពេលរហូតដល់ទៅ១៤ម៉ោងដើម្បីធ្វើការវះកាត់នោះដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ខែមីនា។
នេះគឺជាការវះកាត់លើកដំបូងអោយទាហានប្រយុទ្ធដែលរងរបួស ហើយក៏ជាលើកដំបូងដែរដែលគេធ្វើការវះកាត់ផ្លាស់ប្ដូរលិង្គ និងពងស្វាសទាំងមូល រួមនិងតំបន់ជុំវិញក្បាលពោះ៕
Source : cnc tv