• អណ្តូងប្រេងមួយដែលទើបនឹងខួងថ្មីៗនៅក្នុងភាគខាងលិចប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឆេះបណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់

     ថ្ងៃព្រហស្បតិ៍ 26 ខែមេសា 2018    634 Views

    ទំហំអក្សរ៖

    ប្រទេសឥណ្ឌូណេស៊ី៖ អណ្តូងប្រេងមួយដែលទើបនឹងខួងថ្មីៗ និងគ្មានច្បាប់កំណត់ត្រឹមត្រូវនៅក្នុងភាគខាងលិចប្រទេសឥណ្ឌូណេស៊ីបានផ្ទុះឆេះកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្ស១៨នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។

    អ្នកនាំពាក្យឲ្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា អណ្តូងប្រេងដែលស្ថិតនៅក្នុងភូមិមួយភាគខាងកើតខេត្តអាឆេ (Aceh) នោះបានឆាបឆេះនៅម៉ោង១និង៣០នាទីរំលងអាធ្រាត ហើយក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងនោះរហូតដល់ពេលរសៀលថ្ងៃពុធ។ អ្នកនាំពាក្យបានឲ្យដឹងថា អណ្តូងដែលត្រូវបានខួងជម្រៅ២៥០ម៉ែត្រនោះបានឆាបឆេះ នៅពេលដែលវាហូរប្រេងចេញមក ហើយមនុស្សជាច្រើនកំពុងធ្វើការប្រមូលប្រេងនោះ។

    អ្នកនាំពាក្យបានបន្តថា មនុស្សចំនួន៤១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣។ ជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យមួយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា លោកបានព្យាបាលអ្នករងរបួសជាច្រើនដែល២០ទៅ៦០%នៃរាងកាយរបស់ពួកគេត្រូវបានរលាក ហើយបានថា អ្នកដែលរងរបួសធ្ងន់មួយចំនួនទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធំ។

    គួរបញ្ជាក់ថា ខេត្តអាឆេ (Aceh) ដែលស្ថិតនៅភាគខាងជើងចុងកោះស៊ូម៉ាត្រា (Sumatra) នោះគឺពោរពេញទៅដោយអណ្តូងប្រេងខុសច្បាប់៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី