• អ្នកកំប្លែងជើងចាស់ក្នុងស្រុក ៣ដួង កំពុងមានស្ថានភាពជំងឺធ្ងន់ធ្ងរ

     ថ្ងៃសុក្រ 23 ខែមីនា 2018    1577 Views

    ទំហំអក្សរ៖

    មួយរយៈកន្លងមកនេះ សង្កេតឃើញថា តារាកំប្លែងជើងចាស់ក្នុងស្រុក បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបន្តបន្ទាប់គ្នា ដោយសារតែជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។ ក្នុងនោះ តារាកំប្លែងចំនួន៣ ដួង ដែលត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ គឺនាយ សង់ស៊ីស នាយ វីតាមីនសេ និងនាយ សានម៉ៅ កំពុងសម្រាកព្យាបាលតាមដានជំងឺរបស់ខ្លួន។
    ១.តារាកំប្លែង នាយសង់សីុស
    នាយ សង់ស៊ីស គឺជាឪពុកតារាចម្រៀង ស៊ុន ស្រីពេជ្រ ដោយលោកមានជំងឺលើលឈាមជាង២ឆ្នាំមកហើយ។ ហើយក៏ខកខានក្នុងការចេញទៅសម្តែងកំប្លែងជាយូរឆ្នាំហើយដែរ។ តារាកំប្លែងរូបនេះនៅទទួលទានអាហារបានខ្លះៗ ប៉ុន្តែនៅមិនអាចនិយាយបាននៅឡើយទេ។

    ២. តារាកំប្លែង នាយ វីតាមីនសេ
    លោក ម៉ៅ សាមឿន ហៅ នាយ វីតាមីនសេ មានវ័យ៧១ឆ្នាំ បានឲ្យដឹងថា លោកមានជំងឺដុំសាច់នៅក្នុងថ្លើម ទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងខ្លួន និងលើសឈាម ដែលស្ថានភាពជំងឺធ្ងន់ធ្ងរ បានធ្វើឲ្យតារាកំប្លែងរូបនេះសម្រាកនៅនឹងកន្ទេលខកខានក្នុងការសម្តែងកំប្លែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ តារាកំប្លែងរូបនេះធ្លាប់ចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ក្នុងនិងក្រៅស្រុក ប៉ុន្តែស្ថានភាពជំងឺនៅមិនទាន់មានអ្វីប្រសើរឡើងនៅឡើយ។

    ៣.តារាកំប្លែង នាយ សានម៉ៅ
    លោក ធូ ចំរ៉ុង ហៅនាយសាន ម៉ៅ កំពុងសង្រ្គោះបន្ទាន់ដំណាក់កាលធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសរជំងឺទឹកក្នុងសួត ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ។

    ដោយថ្មីៗនេះ បានឲ្យដឹងថា ស្ថានភាពជំងឺរបស់លោក ចាប់ផ្ដើមធ្ងន់ធ្ងរបានធ្វើឲ្យកម្លាំងកាយតារារូបនេះទ្រុឌទ្រោមខ្លាំង ប៉ុន្តែនាយទទួលបានការលើកទឹកចិត្តពីសិល្បកររួមអាជីពមួយចំនួន ផងដែរ។ អតីតសិល្បករផ្នែកល្ខោនបាសាក់រូបនេះ មានវ័យ៥៩ឆ្នាំ បានចូលបម្រើសិល្បៈជាច្រើនទសវត្សរ៍ ហើយលោកជាប់ងារឈ្មោះមួយទៀតថា សេដ្ឋីអ៊ូរ៉ាន់៕

    ប្រភព៖ trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី