ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

ថ្ងៃព្រហស្បតិ៍ 28 ខែកញ្ញា 2017

ទំហំអក្សរ៖

(សៀមរាប)៖ ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។ នេះបើយោងតាមសាច់ញាតិរបស់លោកតា បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច។

សូមជម្រាបថា​ ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត (សាល​​មហោ​ស្រព​នេះត្រូវ​​ភ្លើង​ឆេះ​ កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​​មហោស្រព​នេះ​ មិន​ដែល​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ឡើយ​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

លោក ម៉ូលីវណ្ណ បានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែកសិល្បៈផ្សេងទៀតនៅសាលាវិចិត្រសិល្បៈ និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដែលទើបទទួលបានឯករាជ្យថ្មីៗក្នុងឆ្នាំ១៩៥៦។ ក្រោយមកគាត់ត្រូវបាន សម្តេច នរោត្តម សីហនុ តែងតាំងជាស្ថាបត្យកររដ្ឋ ហើយបានបន្តរចនាគម្រោងសាធារណៈ ដែលត្រូវបានគេស្គាល់ និងបានចាប់ទុករាល់សមិទ្ធផលទាំងអស់នោះ គឺជាភាពដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលសាងសង់ឡើងជាចំណែកមួយនៃទំនើបនីយកម្មទូទាំងប្រទេស ដែលបានចាប់ផ្តើមដោយរបបសង្គមរាស្ត្រនិយម។

លោក ម៉ូលីវណ្ណ ក៏បានរចនាលំនៅដ្ឋានឯកជន និងរចនាសម្ព័ន្ធតូចៗជាច្រើន នៅក្នុងសម័យនោះដែរ។ បន្ថែមពីលើការងារជាច្រើនរបស់គាត់ ក្នុងនាមជាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ក៏ជាអ្នករៀបចំទីក្រុង និងគ្រប់គ្រងការពង្រីកក្រុងភ្នំពេញ ក៏ដូចជាការបង្កើតកំពង់ផែសមុទ្រក្រុង ព្រះសីហនុ (កំពង់សោម) និងនៅទីតាំងផ្សេងៗទៀត។

ជាងនេះទៀត គាត់ក៏បានចូលរួមនៅក្នុងការងារដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបោះពុម្ពផ្សាយអត្ថបទជាច្រើនស្តីពី ទំនើបភាវូបនីយកម្មប្រទេសកម្ពុជា នៅក្នុងព្រឹត្តិប័ត្រស្រាវជ្រាវជាភាសាខ្មែរជាច្រើន។ គាត់ត្រូវបានគេចងចាំជាបុគ្គលនាំមុខគេក្នុងជីវិតវប្បធម៌យ៉ាងសកម្ម នៅក្នុងសម័យក្រោយ ឯករាជ្យ របស់ប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលបានទម្លាក់សម្តេច សីហនុ និងរបបគ្រប់គ្រងរបស់ព្រះអង្គ លោក វណ្ណ ម៉ូលីវណ្ណ បានផ្លាស់ទៅរស់នៅប្រទេសស្វ៊ីស។ ក្នុងរយៈប៉ុន្មានទសវត្សរ៍ក្រោយមកគាត់បានបន្តការងាររបស់គាត់ជាមួយអង្គការសហប្រជាជាតិលើកម្មវិធីតាំងទីលំនៅនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាអន្តរជាតិ។

ក្នុងឆ្នាំ១៩៩១ លោកវណ្ណ ម៉ូលីវណ្ណ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការធ្វើផែនការក្រុង និងប្រទេស។ លោក វណ្ណ ម៉ូលីវណ្ណ ជាកម្លាំងយ៉ាងសំខាន់ក្នុងការបង្កើតអាជ្ញាធរអប្សរាដែលជាអង្គភាពសហប្រតិបត្តិការពហុបក្ស ដែលមានបំណងក្នុងការគ្រប់គ្រងឃ្លាំមើលការស្រាវជ្រាវនិងរដ្ឋបាលប្រាសាទបុរាណតំបន់អង្គរ។

ស្ថាបត្យករដ៏ល្បាញល្បីរូបនេះ ក៏បានបន្តការស្រាវជ្រាវ បោះពុម្ពផ្សាយសៀវភៅជាច្រើន និងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកប្រវត្តិសាស្ត្រ លើការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។

ស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ បង្កើតបានជាការប្រមូលផ្តុំមួយនៃការប្រមូលផ្តុំសំខាន់បំផុតជាច្រើននៃអគារក្រោយសម័យអាណានិគមនិយម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងមានសារៈសំខាន់បំផុតចំពោះមរតកស្ថាបត្យកម្មទំនើបក្នុងប្រទេសកម្ពុជា។

នៅក្រោមការគ្រប់គ្រងរបស់សម្តេច នរោត្តម សីហនុ លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើការផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ និង ប្រទេសកម្ពុជា តាមរយៈការរចនាអគារវិមានរដ្ធ វិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិ សាលមហោស្រពជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីសាលសន្និសីទចតុមុខ អគាររដ្ឋាភិបាលអគារសិក្សាស្រាវជ្រាវ អគារឧស្សាហកម្ម អគារសាលាបច្ចេកវិទ្យា (តិចណូ) និងអគារលំនៅដ្ឋាន ច្រើនជាង៦០អគារផ្សេងទៀតពាសពេញផ្ទៃប្រទេស៕

ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ
ស្ថាបត្យករជើងចាស់ដ៏ល្បាញល្បីរបស់កម្ពុជា លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ
លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ
លោកតា វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ ក្នុងជន្មាយុ៩១ឆ្នាំ

ប្រភព : Fresh News


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១