• វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ដ៏ធំ និងដំបូងគេនៅកម្ពុជា

    ថ្ងៃចន្ទ 02 ខែតុលា 2017

    ទំហំអក្សរ៖

    វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ដ៏​ធំ​ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវ​បានរៀប​ចំ​ឡើង​យ៉ាង​ជោគជ័យ

    ដោយសម្លឹងឃើញពីតម្រូវការ និងក្តីបារម្ភរបស់សិស្សនិស្សិត ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​ ទើប​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខគេនៅ​កម្ពុជា Directions Advertising បានរៀបចំ​វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ ដ៏ធំ និង​ដំបូង​គេ​នៅ​កម្ពុជាដែល​មាន​រយៈពេល​ 3 ថ្ងៃចាប់​ពី 29-30 កញ្ញា រហូត​ដល់ 1 តុលា នៅ​អគារ​កោះ​ពេជ្រ ដែល​​​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​។

    នៅ​​អំឡុងព្រឹត្តិការណ៍​នេះ សិស្ស​និស្សិត និងឪពុកម្តាយទាំងអស់ បាន​ជួប​ជាមួយតំណាង​នៃ​បណ្តា​សាកល​វិទ្យាល័យ​​ជាតិ និងអន្តរជាតិ ដែល​​​ផ្តល់​នូវ​ជម្រើស និងឱកាសសម្រាប់យុវជនកម្ពុជា អាច​​​ស្វែង​យល់​អំពី​កម្ម​វិធី​សិក្សា និងចំណុច​សំខាន់ៗ​ចាំ​បាច់​សម្រាប់​​ការសម្រេច​ចិត្តដែល​មាន​ឥទ្ធិពល​ដល់​​​​អនាគត​របស់​ពួកគេ។

    សិស្ស​និស្សិត ឪពុក​ម្តាយ អ្នក​តំណាង​សកលវិទ្យាល័យ មហាវិទ្យាល័យ ព្រម​ទាំង​អ្នក​តំណាង​ក្រុមហ៊ុន​ធំៗ​​សរុប​​ជាង ១ ម៉ឺន​នាក់​​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​​ទទួល​យក និង​ផ្តល់ជូន​នូវសេវាកម្ម និង​ផលិតផល​​​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​។ ចំណុចលេច​ធ្លោ​បំផុតមួយ​នៃ​វេទិកានេះ​គឺ មាន​ការ​ចូល​រួម​ពី​ប្រភព​ផ្សេងៗ​គ្នា​ជាច្រើន​រួម​មាន លោក​គ្រូអ្នក​គ្រូ សាស្រ្តាចារ្យ អ្នកជំនាញ និង​អ្នក​ឯកទេស ដែល​បាន​ចែក​រំលែក​នូវ​បទពិសោធន៍ទៅដល់សិស្សនិស្សិត ​ដែល​កំពុង​ត្រូវ​ការ​ជា​ចាំបាច់នូវ​ព័ត៌មាន​អំពី​​អាជីព​ដែល​​សមស្រប​នឹង​ទីផ្សារ​ការងារ រួម​ជាមួយ​ការ​អភិវឌ្ឍន៍​ផ្សេងៗ​។ ក្នុង​នោះ​ក៏​មាន​វេទិកា​ពិភាក្សា​តាមរយៈ​សំណួរ-ចម្លើយ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណាប់​​អារម្មណ៍ និង​ការយល់ដឹងកម្រិត​​ខ្ពស់​ពី​សំណាក់​យុវជនកម្ពុជាផងដែរ​។

    យើង​ពិតជារីករាយណាស់ ដោយ​អ្នក​ចូល​រួមទាំង​អស់​ពេញ​ចិត្ត​នឹង​​វេទិកា​នេះ​តាមរយៈ​ការ​​ទទួល​បាន​ទទួល​នូវ​ចំណេះដឹង និងព័ត៌មានប្រកប​ដោយ​គុណប្រយោជន៍​។ លោក គង់ សុជាតិ ​​អ្នកគ្រប់​គ្រង​គម្រោង​របស់​ក្រុមហ៊ុន Directions Advertising មានប្រសាសន៍។ លោក​បាន​បន្ថែម​ទៀតថា យើងបានធ្វើ​សម្ភាសន៍ដោយ​ផ្ទាល់ជាមួយសិស្ស​និស្សិត និងឪពុកម្តាយដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ ពី​ចំណាប់​អារម្មណ៍​របស់​ពួក​គាត់ ហើយ​ចម្លើយ​ដែល​យើង​ទទួល​បាន​គឺ “វិជ្ជមាន”។ ពួក​គាត់​បាន​លើក​ឡើង​ថា វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៧ នេះ ពិតជាបាន​ផ្តល់​នូវ​ឱកាស​ដ៏​ទូលំទូលាយ និង​ចាំបាច់​​សម្រាប់​សិស្សនិស្សិត​ដែល​បាន​ចូលរួម។

    វេទិកា និង​កិច្ច​ពិភាក្សា​​​បាន​ប្រព្រឹត្ត​ទៅ​​រយៈ​ពេល ​៣ ​ថ្ងៃ ដែល​រួម​មាន ការ​​ធ្វើ​បទបង្ហាញ សកម្មភាព​ពិសេសៗ ការ​ពិភាក្សា​ដេញ​ដោល​របស់​សិស្ស​និស្សិត និង​ជម្រើស​នៃ​អាជីព​ជាដើម។ លោក Kevin Phang ប្រធាន​ផ្នែក​ Account Service នៃក្រុមហ៊ុន ComZone Group ដែល​ជាអ្នក​​រួម​ចំណែក ​​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​​នេះ​ឡើង​ ក៏​បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​នៅក្នុងវេទិកានេះ​ផង​ដែរ ដោយ​លោក​បាន​ចែករំលែក​នូវចំណេះដឹងលើប្រធានបទដែលទាក់ទងនឹង​​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍន៍​​​យុទ្ធសាស្រ្ត និងគោល​គំនិត នៅ​ក្នុង​ពិភព​នៃ​ការទំនាក់ទំនង នោះ​គឺ “យុទ្ធសាស្ត្រនៃ​ការ​គិត ការ​រៀប​ចំ​ផែន​ការ និងការ​គ្រប់គ្រង”​។ លោក​បាន​បន្ថែម​ថា “​អនាគតពិតជាភ្លឺស្វាងណាស់​សម្រាប់​សម័យ​កាល​នេះ។ វាជាឱកាសពិសេសសម្រាប់ខ្ញុំ ដែល​បាន​ជួប​ពិភាក្សា​​ជាមួយ​សិស្ស​និស្សិត និងបំភ្លឺបង្ហាញ​​ដល់​​ពួកគេ​អំពី​ ​​​យុទ្ធសាស្រ្ត​នៃ​ទីផ្សារ និងការ​​ទំនាក់ទំនងផ្នែក​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម”។

    ចំណុចដែលគួរឲ្យកត់សម្គាល់មួយ​ទៀត​របស់វេទិកានេះ គឺ​ការ​ចូលរួម​សហការ​ពី​បណ្តា​ក្រុមហ៊ុនធំៗ​ជាង​ ១៥ ក្រុមហ៊ុន ក្នុង​នាម​ជា​អ្នកឧបត្ថម្ភ និង​តាំង​បង្ហាញ​ស្តង់​ផ្សព្វផ្សាយ​​។ ថ្នាក់​ដឹក​នាំ​របស់ក្រុមហ៊ុនផ្គត់​ផ្គង់​សេវា​អ៊ីន​ធើណិតឈាន​មុខ​គេ​មួយ​នៅកម្ពុជា បាន​បង្ហាញ​ក្តី​សង្ឃឹម​ចង់​ឱ្យ​​វេទិកា​នេះ​​​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​។ លោក​មាន​ប្រសាសន៍​ថា “ក្រុមហ៊ុន​យើង​ជឿ​ជាក់​យ៉ាង​មុត​មាំ​​​ក្នុងការ​វិនិយោគ​ជាមួយ​យុវជន ហើយយើងក៏មើលឃើញដែរ​ថានេះគឺជាឱកាសដ៏​មាន​តម្លៃ​ក្នុងការបង្ហាញ ថា​តើ​យើង​អាច​ជួយ​​យុវជនតាម​របៀប​ណា។”

    “យើងជឿជាក់ថា ព្រឹត្តិការណ៍​បែប​នេះ​ពិត​ជា​បាន​ជួយ​ដល់​សហគមន៍​របស់យើង​ក្នុងការ​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ និង​រំលឹកយើង​អំពីសារ​សំខាន់នៃវិស័យអប់រំកម្រិតខ្ពស់នៅក្នុងប្រទេសរបស់យើង។” លោកស្រី លឹម ពិសី អគ្គ​នាយក​ក្រុម​ហ៊ុន​ Directions Advertising ដែល​ជាក្រុមហ៊ុន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​បាន​លើក​ឡើង។ លោកស្រីបានបន្ថែមទៀតថា៖ “យើង​ទាំង​អស់​គ្នា​ពិត​ជា​មាន​​ភាព​រីករាយ ដោយ​វេទិកាដែល​យើង​រៀប​ចំ​ឡើង ​ទទួល​បាន​នូវ​លទ្ធផល​ដ៏ល្អ​បែប​នេះ ហើយ​យើងសូម​ថ្លែង​អំណរគុណ​ចំពោះ​អាណាព្យាបាល និង​សិស្ស​និស្សិតទាំងអស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​វេទិកាក្នុង​ព្រឹត្តិការណ៍​នេះ។ យើង​ក៏​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅផង​ដែរ​​ចំពោះ​ក្រុមហ៊ុន និង​ដៃគូ​សហការ​ទាំងអស់​ដែល​បាន​ចំណាយ​ទាំង​ពេលវេលា ការខិតខំប្រឹងប្រែង និង​ធនធាន​ផ្សេងៗ​ក្នុង​គោល​បំណង​ជួយ​បង្ហាញ​ផ្លូវ​ដល់​សិស្ស​និស្សិត ​ដែល​ត្រៀម​ខ្លួន​បន្ត​ការសិក្សា​ថ្នាក់​ឧត្តម ដើម្បី​ធានា​ថា​ពួក​គេ​នឹង​​​ទទួល​បាន​នូវ​អនាគតមួយ​​ដ៏ប្រសើរ។ បើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​ទាំង​អស់​គ្នា ព្រឹត្តិការណ៍នេះ​នឹង​​មិន​អាច​ដំណើរប្រកប​​ដោយ​ជោគជ័យ​យ៉ាង​ដូច្នេះ​ទេ។

    វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ បាន​បញ្ចប់​ទៅ​ដោយ​ភាព​រីករាយ ​មោទនភាព​ និង​​ក្តី​សង្ឃឹម រួម​ជាមួយ​នឹង​ការប្រគល់​​វិញ្ញាបនបត្រ​ ពានរង្វាន់ និង​រង្វាន់​ដល់​អ្នក​ឈ្នះ។ ក្រុម​ហ៊ុន​រៀប​ចំ និង​អ្នក​សហការ​គ្រប់​ភាគី​រំពឹង​ថា ​​​ព្រឹត្តិការណ៍នេះ​នឹង​នៅ​តែ​បន្ត​ទទួល​បាន​ភាព​ជោគជ័យ​​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត