ក្តៅៗ!! តារាស្រីល្បីអាមេរិក Angelina Jolie បង្ហោះសារចេញពីចិត្ត “ខ្ញុំមានមោទនភាពណាស់ដែលបានក្លាយជាពលរដ្ឋកម្ពុជា”

ថ្ងៃពុធ 04 ខែតុលា 2017

ទំហំអក្សរ៖

តារាសម្តែងស្រីដ៏ល្បីល្បាញ និងជាផលិតករ ភាពយន្តអាមេរិក អ្នកស្រីអែនចេលីណា ចូលី (Angelina Jolie) ជាមាតាចិញ្ចឹមកុមារកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានសញ្ជាតិកម្ពុជា ក្លាយជាពលរដ្ឋកម្ពុជា មួយរូបដែរនោះ បានបញ្ចោញសារពីដួងចិត្តពិតថា “ខ្ញុំមានមោទនភាពណាស់ ដែលបានក្លាយជាពលរដ្ឋកម្ពុជា” ហើយអ្នកស្រីបានចាត់ទុក ប្រទេសកម្ពុជា ជាផ្ទះរបស់អ្នកស្រី ព្រមទាំងបានលើកសរសើរថា ប្រជាជនកម្ពុជា មានចិត្ត ល្អណាស់ ចំពោះអ្នកស្រី និងក្រុមគ្រួសារ។

អ្នកស្រីអែនចេលីណា ចូលី បានសរសេរ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ថា “Cambodian people are very different and what they value is very different. It’s not like walking around in Hollywood. They see us [Angelina & Maddox] as a mother and a son and I’m very proud to be a Cambodian citizen. When we’re there we feel like we’re home and people are very kind to us.” (ប្រជាជនកម្ពុជា មានភាពខុសគ្នាខ្លាំងណាស់ ហើយអ្វីដែលពួកគេឱ្យតម្លៃ គឺខុសគ្នាខ្លាំងណាស់ វាមិនដូចជាការដើរនៅហូលលីវូដទេ ពួកគេបាន មើលមកយើង (អែនចេលីណា ចូលី និង ម៉ាដដក់ស៍) ជាម្តាយនិងកូនប្រុស ហើយខ្ញុំមាន មោទនភាពខ្លាំងណាស់ ដែលបានក្លាយជាពលរដ្ឋ កម្ពុជា។ នៅពេលពួកយើងនៅទីនោះ យើងមាន អារម្មណ៍ថា ដូចជាផ្ទះរបស់យើង ហើយប្រជាជនកម្ពុជា មានចិត្តល្អណាស់ ចំពោះយើង)។

គួរបញ្ជាក់ថា អ្នកស្រីអែនចេលីណា ចូលី កើតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៧៥ នៅ ទីក្រុងឡូស អែនចេលេស (Los Angeles) សហរដ្ឋអាមេរិក គឺជាតារាសម្តែងអាមេរិក ដែលធ្លាប់បានទទួលពានរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិក និងត្រូវបានទស្សនាវដ្តី Forbes ឱ្យឈ្មោះថា ជាតារាដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងចំណោមតារាស្រីទាំងអស់នៅក្នុងឆ្នាំ២០០៩ និង២០១១។

អ្នកស្រីអែនចេលីណា ចូលី មានឈ្មោះ ល្បីល្បាញ ជាអ្នកផ្សព្វផ្សាយជំនួយមនុស្សធម៌ និងជាឯកអគ្គរដ្ឋទូត របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ផ្នែកជនភៀសខ្លួន (United Nations High Commissioner for Refugees /UNHCR) អ្នកស្រីអែនចេលីណា ចូលី ត្រូវបានចាត់ទុកថា ជានារីដែលស្អាតជាងគេ បំផុតនៅលើពិភពលោក។ ឋានៈនេះ ធ្វើឱ្យអ្នកស្រី បានទទួលការយកចិត្តទុកដាក់ យ៉ាងក្រាស់ក្រែលពីបណ្តាញផ្សព្វផ្សាយនានា។

អ្នកស្រីអែនចេលីណា ចូលី បានចូល សម្តែងភាពយន្តជាលើកដំបូងនៅក្នុងវ័យកុមារ ជាមួយឪពុករបស់អ្នកស្រី គឺលោកចន វួត ក្នុង រឿង “Lookin’ to Get Out” (១៩៨២) ប៉ុន្តែ អាជីពជាតារាភាពយន្តរបស់អ្នកស្រី ចាប់ផ្តើម ពិតប្រាកដ បន្ទាប់ពីមួយទសវត្សក្រោយមក នៅក្នុងភាពយន្ត (១៩៩៣)។ អ្នកស្រីជាតួអង្គ សំខាន់ជាងគេនៅក្នុងភាពយន្តក្នុងរឿង “Hacker” (១៩៩៥)។

អ្នកស្រីអែនចេលីណា ចូលី បានទទួលរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិក ក្នុងនាមជាតួរងស្រីដែលល្អជាងគេ បំផុត សម្រាប់ការសម្តែងនៅក្នុងរឿង “Girl, Interrupted” (១៩៩៩)។ ពិសេសអ្នកស្រីមានឈ្មោះល្បីល្បាញខ្លាំង ក្រោយពីបានសម្តែងជាតួវីរនារី នៅក្នុងរឿង “Lara Croft in Lara Croft : Tomb Raider” (២០០១) ដែលជាភាពយន្ត ដកស្រង់ចេញពីវីដេអូហ្គេម គឺការមកថតសម្តែងរឿងនេះ នៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យតារាសម្តែងអាមេរិក រូបនេះ បានចាប់ផ្តើមមានទំនាក់ទំនងជាមួយ ប្រទេសកម្ពុជា ហើយរឿងនោះបានធ្វើឱ្យអ្នកស្រី អែនចេលីណា ចូលី ក្លាយជាតារាស្រីម្នាក់ ក្នុង ចំណោមតារាស្រីហូលលីវូដ ដែលរកប្រាក់ចំណូល បានច្រើនជាងគេបំផុត ហើយអ្នកស្រីបានសម្តែង ជាតួឯកនៅក្នុងរឿង “Lara Croft Tomb Raider : The Cradle of Life” (២០០៣)។ កេរ្តិ៍ឈ្មោះរបស់អ្នកស្រី កាន់តែល្បីល្បាញ បន្ទាប់ពីបានសម្តែងជាតួឯកនៅក្នុងរឿង “Mr. & Mrs. Smith” (២០០៥) និង “Wanted” (២០០៨) ហើយអ្នកស្រីបានទទួលជោគជ័យ រហូតដល់បច្ចុប្បន្ននេះ។ តាមរយៈការសម្តែង ក្នុងភាពយន្តរឿង “A Mighty Heart” (២០០៧) និង “Changeling” (២០០៨) ធ្វើឱ្យមានការ តែងតាំងអ្នកស្រី ឱ្យឈរឈ្មោះសម្រាប់ចូលរួមដណ្តើមពានរង្វាន់ភាពយន្ត ជាតួឯកស្រីល្អផ្តាច់ គេប្រចាំឆ្នាំ របស់អាមេរិក។

ចំពោះជីវិតគ្រួសារ អ្នកស្រីអែនចេលីណា ចូលី បានលែងលះពីតារាសម្តែងចននី លីមីល្លឺរ (Jonny Lee Miller) និងប៊ីល្លី បប់ថនតុន (Billy Bob Thornton) ហើយក្រោយមក បានរួមរស់នៅជាមួយតារាសម្តែង ប៊្រេដ ភីតត៍ (Brad Pitt) នៅក្នុងទំនាក់ទំនងមួយដែលធ្វើ ឱ្យមានការទាក់ទាញ នូវការយកចិត្តទុកដាក់ ពីបណ្តាញផ្សព្វផ្សាយនៅជុំវិញពិភពលោក។

អ្នកស្រីអែនចេលីណា ចូលី និងស្វាមី ប៊្រេដ ភីតត៍ មានកូនបង្កើតបីនាក់ គឺកូនស្រី ស៊ីឡូហ៍ (Shiloh) កូនប្រុស ណក់ស៍ (Knox) និងកូនស្រី វីវៀនន៍ (Vivienne) និងមានកូនចិញ្ចឹម៣នាក់ គឺម៉ាដដុកស៍ (Maddox) ជនជាតិខ្មែរ, ផាកស៍ (Pax) ជនជាតិវៀតណាម និង ហ្សាហារា (Zahara) ជនជាតិអេត្យូពី។

 

 

 

អ្នកស្រីអែនចេលីណា ចូលី ដែលសមាន ចិត្ត និងក្តីស្រឡាញ់សម្រាប់ប្រជាជនកម្ពុជា  ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានសញ្ជាតិកម្ពុជា ក្លាយ ជាពលរដ្ឋកម្ពុជាមួយរូប តាមព្រះរាជក្រឹត្យចុះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៥ ឆ្លើយតបចំពោះ ការងារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ របស់អ្នកស្រីនៅក្នុងប្រទេស។

អ្នកស្រីអែនចេលីណា ចូលី បានសន្យា ថា នឹងចំណាយប្រាក់៥លានដុល្លារ ដើម្បីបង្កើត ទីជម្រកសត្វព្រៃ នៅខេត្តបាត់ដំបង ភាគខាង ជើង ជាកន្លែងដែលអ្នកស្រី បានទិញផ្ទះនៅ ទីនោះ។

អ្នកស្រីអែនចេលីណា ចូលី បានបង្កើត ស្នាដៃភាពយន្តចុងក្រោយ ដែលមានទំនាក់ទំនង កាន់តែជ្រាលជ្រៅជាមួយកម្ពុជា និងបានទទួល ការចាប់អារម្មណ៍កោតសរសើរ ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជាទូទៅ គឺខ្សែភាពយន្ត បែបប្រវត្តិសាស្ត្រខ្មែរ ក្នុងសម័យប្រល័យពូជសាសន៍ប៉ុល ពត រឿង “មុនដំបូង ខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ” (First They Killed My Father)៕

ប្រភព ៖ Norkorthomdaily


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១