• លោក អ៊ិន សុភិន ទ្រាំមិនបាន ព្រលះតារាមួយចំនួន

    ថ្ងៃពុធ 11 ខែតុលា 2017

    ទំហំអក្សរ៖

    មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​សិល្បករ​-​ការិនី​ជាច្រើន​ដួង ដែល​សុទ្ធសឹងតែ​ជា​តារា​ល្បីៗ បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន រៀបរាប់​ពី​គុណវិបត្តិ​របស់​ផលិតករ​មួយចំនួន ដែល​ប្រើប្រាស់​ល្បិច​បោកប្រាស់​សម្ដែង​រឿង​ចប់ហើយ បែរជា​មិន​ព្រម​បើកប្រាក់​ឱ្យ​តាម​តុង​ត្រា​កំណត់ ។ រហូតមកទល់​ពេលនេះ រឿងរ៉ាវខាង​លើ​នេះ នៅតែមាន​អ្នកសិល្បៈ​មួយចំនួន​រអ៊ូរទាំ​ជាហូរហែមិន​ដាច់​សោះ ។​

    ​ខណៈ​កាន់​តែមាន​តារា​សម្ដែង​មួយចំនួន​ចេះតែ​ប្រើ​វិធី​បង្ហោះ​សារ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ពី​កលល្បិច​របស់​ផលិតករ​ទាក់ទង​នឹង​រឿង​លុយកាក់នោះ ។ នៅមុននេះ​បន្តិច ម្ចាស់​ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិន ក្នុងនាម​ជា​ផលិតករ​មួយរូប​ដែរ ទ្រាំ​មិនបាន​ស្រាប់តែ​ទម្លាយ​ពី​បញ្ហា​ចោទ​នេះ​ឡើង ដើម្បី​ជាការ​វាយបក​ទៅ​តារា​សម្ដែង​មួយចំនួន​វិញ​តែម្ដង ។​

    ​លោក អ៊ិន សុ​ភិន ជាឪពុក​បង្កើត​តារា​សម្ដែង ភិន សុ​ដា​លី​ស ដែលមាន​ឈ្មោះ​ជា​ផលិតករ​មួយរូប មិន​នៅ​ស្ងៀម​ខណៈ​ឃើញ​តារា​សម្ដែង​មួយចំនួន​បន្ត​ទម្លាយ​ថា ផលិតករ​មិន​ព្រម​បើកប្រាក់​ឱ្យ​តាម​ពេល​កំណត់ ក៏បាន​បញ្ចេញយោបល់​ថា «​សុំ​ចាញ់ហើយ​តារា​សម្ដែង​ស្រុក​ខ្មែរ​មួយចំនួនធំ ពួកគាត់​មិនដែល​បើកភ្នែក​មើលឃើញ​កំហុស​របស់​ពួកគាត់​ទេ ឃើញតែ​ខ្លួនឯង​ល្អ​រហូត​គឺ​មិនចេះ​ខុស ។ ចុះ​ត្រង់​ពួកគាត់​ធ្វើបាប​ពេលវេលា​ពួកយើង​ជា​ផលិតករ តើ​គាត់​មាន​ខួរក្បាល​គិត​ទេ​ថា​ពួកយើង​ទទួលផល​លំបាក​ខូច​បង់​ពេលវេលា​លុយកាក់​យ៉ាងណា​នៅពេល​ពួកគាត់​មិនឱ្យ​តម្លៃ​ពេលវេលា​ដល់​ផលិតករ​ជា​អ្នក​ខំ​រក​ទីផ្សារ​ឱ្យ​ពួកគាត់ អស់​យោបល់​បាទ​!!» ។​

    នេះ​ជាការ​ទម្លាយ​របស់​ផលិតករ​ជើងចាស់ អ៊ិន សុ​ភិន តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក តែ​ទោះជា​យ៉ាងណា ម្ចាស់​ផលិតកម្ម​មហាហង្ស​រូបនេះ មិនបាន​បញ្ជាក់​ឈ្មោះ​តារា​សម្ដែង​រូប​ណា​ឡើង គ្រាន់តែ​ប្រាប់ថា តារា​សម្ដែង​មួយចំនួនធំ​ប៉ុណ្ណោះ ៕

    ប្រភពអត្ថបទ៖ Pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត