• ជើងហោះហើរស៊ីវិលវៀតណាមមួយ ពន្យារពេលចេញដំណើរ ដោយសារសុនខបីក្បាល

    ថ្ងៃចន្ទ 23 ខែតុលា 2017

    ទំហំអក្សរ៖

    កាលពីថ្ងៃអង្គារកន្លងទៅនេះ នៅភាគខាងត្បូង ប៉ែកកណ្ដាលប្រទេសវៀតណាម ជើងហោះហើរស៊ីវិលវៀតណាមមួយ និងជើងហោះហើរយោធាជាច្រើនទៀត ត្រូវបានបង្ខំចិត្តពន្យារពេលចេញដំណើរចំនួន ២០នាទី ដោយសារតែវត្តមាន សុនខចំនួនបីក្បាលដើរនៅជិតផ្លូវរត់របស់យន្តហោះក្នុងអាកាសយានដ្ឋានអន្តរជាតិ Cam Ranh។

    មន្ត្រីធ្វើការក្នុងអាកាសយានដ្ឋាន បានប្រទះឃើញសត្វឆ្កែចំនួន ៣ក្បាល នៅជិតផ្លូវយន្តហោះ ដែលជាតំបន់ហាមឃាត់ ។ ហេតុការណ៍នេះបានធ្វើឲ្យមានការពន្យារពេលជើងហោះហើរយោធាមួយចំនួន និងជើងហោះហើរស៊ីវិលវៀតណាមមួយទៀតដែលបម្រុងនឹងហោះទៅទីក្រុងហាណូយ។

    តាមការសង្ស័យជំហានដំបូង សត្វសុនខទាំងនេះអាចចូលតំបន់ហាមឃាត់នេះបាន តាមរយៈប្រហោងបាក់បែកធំមួយនៃជញ្ជាំងដែលមានទីតាំងនៅជិតនោះ។ ក្រុមហ៊ុនអាកាសចរវៀតណាម បាននិយាយថា ការពន្យារពេលហោះហើរមិនបានបង្កការប៉ះពាល់ច្រើនដល់អ្នកដំណើរនោះទេ។

    នេះមិនមែនជាលើកទី១ទេនៅវៀតណាមដែលមានវត្តមានសត្វចូលមកក្នុងតំបន់ហាមឃាត់។ ៦ករណីហើយបានកើតឡើងក្នុងអាកាសយានដ្ឋាន Cat Bi នៃទីក្រុង Hai Phong ខណៈមានច្រើនករណីទៀតបានកើតឡើងនៅព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមិញ៕


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត