កុមារ ១៤ឆ្នាំ អាចបើកបរ​យន្តហោះ​ម្នាក់ឯង បំបែក​កំណត់​ត្រាពិភពលោក

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

កុមារ​ជនជាតិ​អារ៉ាប់រួម​ម្នាក់​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល បន្ទាប់​ពី​​បញ្ចេញ​សមត្ថភាព​​បើកបរ​យន្តហោះ​ម្នាក់​ឯង​ទាំង​នៅ​វ័យ​ក្មេង​ខ្ចី។

កុមារ​នេះ​មាន​ឈ្មោះ Mansoor Anis ​អាយុ ១៤​ឆ្នាំ រស់​នៅ​ទីក្រុង Sharjah ជា​សិស្ស​សាលា DPS Sharjah ​ថ្មី​ៗ​នេះ​គេ​បាន​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះ​វ័យ​ក្មេង​បំផុត និង​​បំបែក​កំណត់​ត្រា​ពិភព​លោក​ទៀត​ផង។

តាម​ប្រភព​សារព័ត៌មាន Khaleejtimes បាន​រាយ​ការណ៍​ថា Mansoor ចាប់​ផ្ដើម​ទទួលការ​បណ្ដុះបណ្ដាល​ខាង​ហោះហើរ​​ចាប់​តាំង​ពី​អាយុ ៧​ឆ្នាំ ​ដែល​បង្ហាត់​បង្ហាញ​តាម​កុំព្យូទ័រ​ដោយ​ឪពុក​មា​រស់​នៅ​​ទីក្រុង​ញ៉ូដេលី ប្រទេស​ឥណ្ឌា ដែល​គាត់​ជា​អ្នក​បើក​បរ​​យន្តហោះ​ជំនាញ​​ម្នាក់​។

ដំបូង ឪពុក​​មា​របស់​គេ​បាន​ដំឡើង​កម្មវិធី​​រៀន​បើក​បរ​យន្តហោះ​លើ​កុំព្យូទ័រ​ឲ្យ​ តាំង​ពី​ពេល​នោះ​មក Mansoor កាន់​តែ​ចាប់​អារម្មណ៍ និង​ពេញ​ចិត្ត​រៀន​យ៉ាង​ខ្លាំង។

នៅ​អាយុ ១៣​ឆ្នាំ Mansoor សម្រេច​ចិត្ត​ចង់​បន្ត​រៀន​បើកបរ​យន្តហោះ​អាជីព និង​ប្រហែល ១​ឆ្នាំ​ក្រោយ គេ​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ប្រទេស​កាណាដា ជាមួយ​ម្ដាយ​ដើម្បី​​ទទួល​ការ​បណ្ដុះបណ្ដាល​​នៅ​សាលា AAA Aviation Flight Academy ក្នុង​​ទីក្រុង Langley ស្ថិត​នៅ​ខេត្ត British Columbia ។

យោង​ទៅ​តាម​កុមារ Mansoor ​បញ្ជាក់​ថា ខាង​សាលា​ស្ទាក់​ស្ទើរ​នឹង​ទទួល​យក​សិស្ស​ក្មេង​ដូច​រូប​គេ​ខ្លាំង​ណាស់ តែ​ក្រោយ​មក​ក៏​ដឹង​ថា Mansoor ​បាន​យល់​ដឹង​ពី​ការ​ហោះ​ហើរ​​ច្រើន​គួរ​សម និង​រៀន​ឆាប់​ចេះ។

រហូត​ដល់​ថ្ងៃ​ទី ៣០​សីហា​​ថ្មី​ៗនេះ Mansoor ចាប់​ផ្ដើម​បើក​បរ​យន្តហោះ​ធន់​តូច​​ដែល​មាន​​​អ្នក​បើកបរ​តែ​ម្នាក់​គត់​ប្រភេទ​យន្តហោះ​ Cessna 152 ក្រោយ​ពី​ហ្វឹកហាត់​ចុង​ក្រោយ​រយៈ ២៥​ម៉ោង។ Mansoor បាន​ហោះ​ហើរ​រយៈ​ពេល​ប្រមាណ ១២​នាទី​ទាំង​អារម្មណ​​រំភើប​រីករាយ ប៉ុន្តែ​ភិត​ភ័យ​បន្តិច​ពេល​ចុះចត។

ទោះ​យ៉ាង​ណា​ក្ដី Mansoor និង​ក្រុម​គ្រួសារ​ ​បាន​បញ្ជាក់​ថា Mansoor បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​ក្នុង​​ការ​ប្រើ​ពេល​ហ្វឹក​ហាត់​ហោះ​ហើរ​តិច​ជាង​គេ​ក្នុង​នាម​ជា​អ្នក​បើក​បរ​វ័យ​ក្មេង​បំផុត​លើ​​យន្តហោះ​សម្រាប់​ជិះ​ម្នាក់​ឯង។ ម្ចាស់​កំណត់​ត្រា​មុន គឺ​ប្រើ​​ពេល​​ដល់​ទៅ ៣៤​ម៉ោង។

នា​ពេល​អនាគត Mansoor ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​បើក​បរ​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates និង Etihad ទៀតផង៕




 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១