សុំប្ដីធ្វើបង្គន់ ៧ឆ្នាំមិន​បាន ដាក់​ពាក្យ​ប្ដឹង​លែង​លះ

ថ្ងៃចន្ទ 23 ខែតុលា 2017

ទំហំអក្សរ៖

កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​នេះ ​មាន​រឿង​មិន​នឹក​ស្មាន​​មួយ​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា ដោយ​ប្រពន្ធ​ដាក់​ពាក្យ​លែង​លះ​ប្ដី ព្រោះ​តែ​មិន​មាន​បង្គន់​ប្រើ​ប្រាស់។

ស្ត្រី​ជា​ភរិយា​រស់​នៅ​ទីក្រុង Bhilwara រដ្ឋ Rajasthan បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ហើយ​តុលាការ​ក៏​បាន​យល់​ព្រម​​ដោះ​ស្រាយ​ដែរ។ ស្ត្រី​ដើម​បណ្ដឹង​និយាយ​ថា ​នាង​ត្រូវ​បង្ខំ​​ចិត្ត​បញ្ចប់​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​រយៈ​ពេល​ជាង ៧​ឆ្នាំ​របស់​ខ្លួន ព្រោះ​​ស្វាមី​នាង​មិន​បាន​សង់​បង្គន់​អនាម័យ ទោះ​​បី​មាន​ការ​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។

ស្ត្រី​រូប​នេះ​បាន​ដាក់​ពាក្យ​​បណ្ដឹង​តាំង​ពី​ថ្ងៃ​ទី ២០​តុលា​ ឆ្នាំ ២០១៥ ដោយ​នាង​រៀប​រាប់​ថា ចាប់​តាំង​ពី​រៀប​ការ​​ឆ្នាំ ២០១១​ មក នាង​តែង​តែ​សុំ​ប្ដី​ឲ្យ​សង់​បង្គន់​អនាម័យ​មួយ តែ​បែរ​ប្ដី​ប្រាប់​ឲ្យ​នាង​ទៅ​បន្ទោរ​បង់​នៅ​ទីវាល​​ទៅ​វិញ។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​លោក Rajesh Sharma។

បន្ទាប់​ពី​ស្ដាប់​សវនា​ការ​របស់​ភាគី​​ប្ដី​ប្រពន្ធ​រួច​រាល់​ តុលាការ​គ្រួសារ (Family Court Judge) ​សម្រេច​យល់​ព្រម​​​ផ្ដល់​លិខិត​លែង​លះ​​តាម​ការ​ចង់​បាន​របស់​ភាគី​ដើម​បណ្ដឹង​តែម្ដង​។ គួរ​បញ្ជាក់​ថា ការ​បន្ទោរ​បង់​នៅ​ទីវាល ឬ​គុម្ពោត​ព្រៃ​​នៅ​ឥណ្ឌា​មាន​ការ​ពេញ​និយម​ណាស់​សម្រាប់​ប្រជាជន​រស់​នៅ​តំបន់​ដាច់​ស្រយាល ហើយ​ស្រីៗ​តែងតែ​ទទួល​រង​ការ​ប្រមាថ​ផងដែរ៕


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១