• រុស្ស៊ីប៉ះអារ៉ាប៊ីសាអូឌីត ខណៈអេស្ប៉ាញ និង ព័រទុយហ្កាល់នៅពូលតែមួយ នៅ FIFA World Cup 2018

    ថ្ងៃអាទិត្យ 03 ខែធ្នូ 2017

    ទំហំអក្សរ៖

    កម្មវិធីចាប់ឆ្នោតចែកពូលក្រុមទាំង៣២ នៅពានរង្វាន់ FIFA World Cup 2018 បានដំណើរការចប់សព្វគ្រប់ហើយ នាទីក្រុង Moscow កាលពីយប់មិញ។ ក្នុងនោះក្រុមមកពីទ្វីបជាមួយគ្នាមិនស្ថិតនៅពូលតែមួយទេ លើកលែងតែក្រុមមកពីទ្វីបអឺរ៉ុបប៉ុណ្ណោះដែលមាន ២ក្រុម ស្ថិតក្នុងពូលជាមួយគ្នា ព្រោះថាទ្វីបអឺរ៉ុបមានចំនួនកៅអីច្រើនជាងគេ។

    ជាលទ្ធផល ម្ចាស់ផ្ទះរុស្ស៊ីដែលនៅពូល A ជាស្វ័យប្រវត្តិ ត្រូវប៉ះ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងអ៊ុយរ៉ាហ្កាយ។ រីឯ ព័រទុយហ្កាល់ និងអេស្ប៉ាញ បានជួបគ្នានៅពូល B ជាមួយ ម៉ារ៉ុក និងអ៊ីរ៉ង់។ ក្នុងពូល C បារាំងត្រូវជួប អូស្ត្រាលី ប៉េរូ និង ដាណឺម៉ាក។

    អាហ្សង់ទីនបានចូលមកពូល D រួមជាមួយ អឺស្លង់ ក្រូអាត និងនីហ្សេរីយ៉ា។ នៅ ពូល E មាន ប្រេស៊ីល ស្វីស កូស្តារីក និងសែប។ រីឯក្រុមការពារជើងឯក អាល្លឺម៉ង់ នៅពូល F ជាមួយ ម៉ិកសិក ស៊ុយអែត និងកូរ៉េខាងត្បូង ខណៈក្រុមតោកំណាចអង់គ្លេស នៅពូល G ជាមួយ បែលហ្ស៊ិក ប៉ាណាម៉ា និងទុយនេស៊ី។ ពូលចុងក្រោយ ដែលជាពូល H មានប៉ូឡូញ សេណេហ្គាល់ កូឡុំប៊ី និងជប៉ុន។

    ចំពោះពេលវេលា និង ទីតាំងប្រកួត គឺនឹងចាប់ផ្តើមពី ថ្ងៃទី១៤ ខែមិថុន ដល់ ១៥ ខែកក្កដា ឆ្នាំក្រោយនាទីលានចំនួន ១២ ក្នុងទីក្រុងចំនួន១១ របស់ប្រទេសរុស្ស៊ី ស្របពេលដែរ CBS ដែលមាន CTN CNC MYTV បានទិញសិទ្ធផ្សព្វផ្សាយ ការប្រកួតបាល់ទាត់ពិភពលោកនេះ៕

      


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត