• តួ​ក្មេងៗល្បីឈ្មោះ​ជំនាន់​មុន ៥​រូប​ស្ទើរគ្មាន​អ្នក​ស្គាល់​ ក្រោយ​ចម្រើនវ័យ​ប្រែមុខពេក

    ថ្ងៃពុធ 10 ខែមករា 2018

    ទំហំអក្សរ៖

    នៅ​ពេល​ដែល​ក្មេង​ៗ​ចាប់​ផ្ដើម​ពេញ​វ័យ​ សម្រស់​របស់​ពួកគេ​នឹង​ប្រែប្រួល​ទាំង​កម្ពស់​ មាឌ​ និង​មុខមាត់។

    ដូច​តារាៗ​វ័យ​ក្មេង​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​អាស៊ី​ជំនាន់​មុនៗ ពេល​នេះ​ធំធាត់​ចម្រើន​វ័យ​ច្រើនណាស់ រហូត​អ្នក​ខ្លះ​ ធ្វើ​ឲ្យ​មហាជន​មើល​សឹង​មិន​ស្គាល់​ទៀត​ផង។ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​តារា​ ៥ដួង​របស់​អាស៊ី ដែល​ចាប់​ចិត្ត​អ្នក​គាំទ្រ​ តាម​រយៈ​ការ​សម្ដែង​របស់​ពួកគេ​កាល​ពី​នៅ​ក្មេង ហើយ​រហូត​ដល់​បច្ចុប្បន្ន​ តារា​ទាំង​នោះ​ក៏​នៅ​រះ​ក្នុង​វិថី​សិល្បៈ​ដដែល ប៉ុន្តែ​គ្រាន់តែ​ថា​រូបរាង​របស់​ពួកគេ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន។

    ១. តារា​សម្ដែង​កូរ៉េ Kim So Hyun


    Kim So Hyun គឺ​ជា​អតីត​តួ​ក្មេង​ស្រី​ម្នាក់​ ដែល​តែង​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត​កូរ៉េ​ជា​ច្រើន។ កាយ​វិការ​សម្ដែង​ បូក​រួម​នឹង​ភាព​ក្រមិចក្រមើម​បែប​ក្មេង​របស់​ So Hyun បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ស្រឡាញ់​គាំទ្រ។ ឈាន​ចូល​ដល់​ពេល​បច្ចុប្បន្ន​នេះ​ តួ​ក្មេង​ម្នាក់​នេះ​ ធំ​លូតលាស់​មាន​សម្រស់​គួរ​ជា​ទី​ស្នេហា។ ក្រៅ​ពី​រក្សា​អាជីព​ជា​តារា​សម្ដែង​ដដែល​ នាង​ក៏​ក៏​ត្រូវ​ប៉ាន់​ខ្លាំង​ក្នុង​ការងារ​ថត​ម៉ូដ​ដែរ។



    ២. តារា​សម្ដែងកូរ៉េ​ Kim Hee Jung

    មិន​ខុស​ពី​ Kim So Hyun ប៉ុន្មាន​ទេ​ សម្រាប់​ Hee Jung ត្រូវ​មហាជន​ស្គាល់​តាំង​ពី​តូច តាម​រយៈ​វត្តមាន​សម្ដែង​ក្នុង​រឿង​ជា​ច្រើន។​ ប៉ុន្តែ​កាល​ពី​នៅ​ក្មេង​ តារា​ស្រី​ម្នាក់​នេះ​ មាន​សម្បុរ​រាង​ស្រអែម​បន្តិច​ មិន​ទាន់​ចេញ​សម្រស់​ខ្លាំង​ឡើយ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ នាង​ស្រាប់​តែ​ប្រែប្រួល​ច្រើន ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ ពិសេស​បុរសៗ ដោយសារ​សម្រស់​នាង​កាន់​តែ​ស្រស់​ស្អាត​ និង​សិចស៊ី​ទៀត។



    ៣. តារា​សម្ដែង​ចិន Wang Sha Sha



    ក្មេង​ស្រី​ម្នាក់​ដែល​តែង​ដើរ​តួ​ជា​កុមារ​ក្លាហាន​ កាល​ពីមុន​ ពេល​នេះ​ធំ​ពេញ​រូប​ពេញ​រាង​ហើយ។ Sha Sha បាន​កែប្រែ​សម្ផស្ស​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ពេល​បង្ហាញ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ បើ​ប្រៀប​ពីមុន​ និង​ឥឡូវ​ អាច​មាន​អ្នក​ច្រឡំ​ថា​ជា​មនុស្ស​ ២​នាក់​ផ្សេង​គ្នា​ទៀត​ផង។


    ៤. តារា​សម្ដែង​ Shin Dong Woo


    ចូល​ដល់​តារា​រូប​នេះ​វិញ​ ពេល​ឃើញ​រូបរាង​បច្ចុប្បន្ន​ ប្រាកដ​ណាស់​ មិន​មាន​មនុស្ស​ច្រើន​ទេ​ ដែល​ចាំ​លោក​បាន។ ប៉ុន្តែ​បើ​និយាយ​ពី​តួ​អង្គ​ “Go Ma Jun” កាល​ពី​តូច​ក្នុង​រឿង​ “នំប៉័ង​បញ្ចាំ​ស្នេហ៍” វិញ​ ច្បាស់​ជា​មាន​អ្នក​នៅ​ចាំ។ កុមារ​តូច​ម្នាក់​នោះ​ពេល​នេះ​ ធំពេញ​កំលោះ​ស្ដូក​ហើយ​ ហើយ​ក៏​កំពុង​តស៊ូ​ពេញ​ទំហឹង​ជា​បន្ត​លើ​វិថី​សិល្បៈ​ផងដែរ។


    ៥. តារា​សម្ដែង​ចិន​ Xie Yun Shan

    កាល​ពី​នៅ​វ័យ​កុមារ​ តារា​សម្ដែង​រូប​នេះ​ល្បី​ឈ្មោះ​មិន​ធម្មតា​ទេ​ បើ​ប្រៀប​ធៀប​ជាមួយ​តួ​អង្គ​ក្មេង​ៗ​ដទៃ​ទៀត​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ ១៩៩០។ ដោយសារ​មុខ​ប៉ោងៗ និង​ទេពកោសល្យ​ប៉ិន​ប្រសប់​ក្នុង​ការ​សម្ដែង​ ជាពិសេស​ក្នុង​រឿង​បែប​ក្បាច់​គុន​ទៀត​នោះ​ កាន់​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​គាំទ្រ​ពេញ​ទឹក​ពេញដី។ ប៉ុន្តែ​កន្លង​ផុត​ទៅ​ជា​ច្រើន​ឆ្នាំ រូបរាង​ប្រុស​សង្ហា​វ័យ​ ២៧​ឆ្នាំ​រូបនេះ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក៏​មិន​សូវ​ឃើញ​លោក​ក្នុង​ខ្សែភាពយន្ត​នានា​ទៀត​ដែរ៕

    ប្រភព៖ Sabay


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត