• សិល្បៈ​បុរាណ​មួយ​ចំនួន​បញ្ចាំង​នៅ​ទូរទស្សន៍ ផលិតករ​អំពាវនាវ​ដល់​ទស្សនិកជន​ជួយ​គាំទ្រ

    ថ្ងៃពុធ 10 ខែមករា 2018

    ទំហំអក្សរ៖

    រាជធានី​ភ្នំពេញ ៖ ទម្រង់​សិល្បៈ​បុរាណ​មួយ​ចំនួន​ត្រូវ​បាន​លើកយក​មក​សម្តែង និង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ MY TV ។ ទន្ទឹម​នេះ​ផលិតករ​ស្នើ​សុំ​ការ​គាំទ្រ​ពី​ទស្សនិកជន ដ្បិត​ទស្សនីយភាព​ទាំងនេះ​គឺជា​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ។

    ទម្រង់​សិល្បៈ​ល្ខោនខោល យីកេ ល្ខោន​ស្រមោល​ស្បែក​តូច និង​ស្បែក​ធំ ព្រមទាំង​ទម្រង់​​សិល្បៈ​បុរាណ​មួយ​ចំនួន​ទៀត​ត្រូវ​ផលិត និង​ចាក់​ផ្សាយ​តាម​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​MY TV នៅ​រាត្រី​ថ្ងៃ​ចន្ទ ដល់​ព្រហស្បតិ៍ វេលា​ម៉ោង​៨​និង​៣០ ដល់​ម៉ោង​៩​យប់។

    កម្មវិធី​ចាក់​ផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ​បាន​ទទួល​ការ​សាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ចូល​ចិត្ត​សិល្បៈ​បុរាណ និង​អ្នក​ដែល​ចូលរួម​ចំណែក​លើក​ស្ទួយ​សិល្បៈ​បុរាណ បើ​ទោះបីជា​វា​ហាក់​មិនសូវ​មានការ​គាំទ្រ​ពី​ទស្សនិកជន​ទូទៅ ពិសេស​យុវវ័យ​ក៏​ដោយ ។

    យ៉ាងណា​ក៏​ដោយ​ផលិតករ​ដែល​បាន​សម្រិតសម្រាំង​នាំ​មក​នូវ​ទស្សនីយភាព​នៃ​ការ​សម្តែង​សិល្បៈ​បុរាណ​ដែល​ស្ទើរតែ​បាត់បង់​នៅ​MY TV បង្ហាញ​មហិច្ឆតា​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​ការ​ទស្សនា​ពី​ទស្សនិកជន​គ្រប់​ស្រទាប់ ដ្បិត​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ​មាន​ទូរទស្សន៍​ក្នុងស្រុក​តិចតួច​បំផុត​ដែល​ចាក់​ផ្សាយ ។

    ជំនួយការ​អ្នក​ផលិតកម្ម​វិធី​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ទូរទស្សន៍​MY TV លោក​ពឿ​ន ប្រុស​ពៅ ថ្លែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ដោយសារ​តែ​មានការ​គាំទ្រ និង​ចង់​លើ​តម្កើង​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ពី​ស្ថានីយទូរទស្សន៍​MY TV នោះ យើង​ក៏​បាន​លើកយក​នូវ​ការ​សម្តែង​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​មួយ​ចំនួន​យក​មក​បង្ហាញ ។

    ទម្រង់​សិល្បៈ​ដែល​យើង​លើក​មក​សម្តែង​នោះ​គឺជា​ទម្រង់​សិល្បៈ​ដែល​ស្ទើរតែ​បាត់បង់ និង​មិនសូវ​មានការ​គាំទ្រ មាន​ដូច​ជា យីកេ ល្ខោនខោល និង​ល្ខោន​ស្រមោល​ស្បែក​ធំ ស្បែក​តូច ។ ការ​លើកយក​ទម្រង់​សិល្បៈ​ទាំងនោះ​បង្ហាញ​ទស្សនិកជន​ទស្សនា​គឺ​ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង និង​ផ្តល់​ការ​កម្សាន្ត ជាមួយនឹង​ការ​ចូលរួម​ការពារ និង​អភិរក្ស​ទាំងអស់​គ្នា »​។

    បើ​តាម​លោក​ពឿ​ន ប្រុស​ពៅ ការ​ចាក់​ផ្សាយ​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ទាំងនោះ​បាន​ដំណើរការ​អស់​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​ទៅ​ហើយ ប៉ុន្តែ​ទទួល​បានការ​ទស្សនា​តិចតួច​នៅឡើយ ។ នៅ​ពេល​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​គឺ​ហាក់​ទទួល​បានការ​ចូល​ទស្សនា និង​ការ​គាំទ្រ​តិចតួច ដែល​នេះ​បង្ហាញ​ថា នៅ​តែ​មិន​ទាន់​ទទួល​បានការ​គាំទ្រ​ច្រើន​នៅឡើយ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​បាន​ផ្សាយ ។

    លោក​ពឿ​ង ប្រុស​ពៅ ថ្លែង​ថា «​ប្រសិនបើ​ពុំ​មានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ទេ​នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ និង​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ទៅ​ថ្ងៃ​មុខ ។ កត្តា​នេះ​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ចូលរួម​គាំទ្រ និង​លើកតម្កើង ព្រោះថា ទូរទស្សន៍​នៅ​ក្នុងស្រុក​មាន​តែ​MY TV និង​ទូរទស្សន៍​ជាតិ​ប៉ុណ្ណោះ​ដែល​បាន​ផលិត​សិល្បៈ​បុរាណ​នេះ​ឡើង ។ បើ​មាន​ស្ថានីយទូរទស្សន៍​ចាក់​ផ្សាយ​ហើយ​នោះ ហេតុ​អ្វី​មិន​ជួយ​គាំទ្រ ឬ​ចាំ​កម្មវិធី​ត្រូវ​បាន​បិទ​ទៅ​វិញ ទើប​និយាយ​ថា ស្តាយក្រោយ ។ យើង​បាន​សម្រិតសម្រាំង​បំផុត​លើ​ទម្រង់​សិល្បៈ​ដែល​យើង​ត្រូវ​លើកយក​មក​សម្តែង ក្នុង​នោះ​យើង​មានការ​ចំណាយ​ច្រើន​លើ​ការ​សម្តែង​ទាំងនោះ ។

    លោក​ពឿ​ន ប្រុស​ពៅ បញ្ជាក់​បន្ថែម​ថា រាល់​ទម្រង់​សិល្បៈ​គឺ​យក​អ្នក​សម្តែង​ដែល​ចេញ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​មានបទពិសោធន៍ ព្រោះ​ការ​សម្តែង​ទាំង​នេះ​មិនមែន​ជា​សិល្បៈ​មហាជន​ឡើយ ។ ការ​ដែល​ហៅ​ពួក​គាត់​ទាំងនោះ​សម្តែង​គឺ​ចង់​ឲ្យ​ទាំង​សាស្ត្រាចារ្យ និង​សិស្ស​ដែល​បាន​ហាត់រៀន​លើ​ផ្នែក​នេះ​មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​រួមចំណែក​លើក​ស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​ផង​ដែរ ។

    ក្នុង​នាម​ជា​អ្នក​ផលិត​មួយ​រូប​លោក​ពឿ​ន ប្រុស​ពៅ អំពាវនាវ​យ៉ាង​ទទូច​សុំ​ឲ្យ​មានការ​គាំទ្រ​លើ​ការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នា​ពេល​នេះ ខណៈ​ពេល​ដែល​ការ​គាំទ្រ​ជា​កម្លាំងចិត្ត​យ៉ាង​សំខាន់ ដើម្បី​ជំរុញ និង​ការ​លើកទឹកចិត្ត​ឲ្យ​មានការ​ផលិត​បន្ត​ទៀត ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​ពុំ​មានការ​គាំទ្រ​ទេ​នោះ​កម្មវិធី​នេះ​អាច​នឹង​បិទ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ៕


     ប្រភព៖ kohsantepheapdaily


     បញ្ចូលអត្ថបទដោយ៖ ម៉ាយធីវី

    បន្ថែមទៀត