• Arsenal បំបាក់ West Ham ៤-១ ជាការចាប់ផ្តើមពិធីលាគ្នាយ៉ាងល្អជាមួយគ្រូបង្វឹក Arsene Wenger

     ថ្ងៃចន្ទ 23 ខែមេសា 2018    371 Views

    ទំហំអក្សរ៖

    Arsenal បានបំបាក់ក្រុមភ្ញៀវ West Ham យ៉ាងចាស់ដៃ ៤ទល់នឹង១ នៅ Premier League កាលពីយប់មិញ ដើម្បីជាការចាប់ផ្តើមពិធីលាគ្នាយ៉ាងល្អជាមួយគ្រូបង្វឹក Arsene Wenger ដែលនឹងចាកចេញពីតំណែង នៅដំណាច់រដូវកាលនេះ ក្រោយដឹកនាំក្រុមបាន២២ឆ្នាំ។ ជាការពិត ៤៥នាទីដំបូង ពួកគេមិនអាចធ្វើការស៊ុតបញ្ចូលទីបានទេ។  

    លុះមកដល់នាទី៥១ ទើប ខ្សែការពារ Nacho Monreal ជាអ្នកស៊ុតបំប៉ោងសំណាញ់ទីបើកឆាកអោយក្រុមកាំភ្លើងធំ។ យ៉ាងណាមិញ កីឡាករ Marko Arnautovic តាមបានស្មើវិញ អោយក្រុមញញួរយក្ស នៅនាទី៦៤។ ប៉ុន្តែចាប់ពីពេលនេះមក កូនក្រុមលោក Wenger បានបង្ហាញការលេងគ្របសង្កត់ដៃគូយ៉ាងល្អ។

    នាទី ៨២ Aaron Ramsey បានស៊ុតនាំមុខវិញ មុនពេល Alexandre Lacazette បន្ថែម២គ្រាប់ចុងក្រោយ នៅនាទី៨៥ និង នាទី៨៩ យកជ័យជំនះទាំងស្រុងតែម្តង។ មកទល់ពេលនេះ Lacazette រកបាន ១៥គ្រាប់ហើយ ក្រោយផ្ទេរពីក្លិប Lyon មកទឹកដី Emirates កាលខែមិថុនា ឆ្នាំមុន ក្នុងតម្លៃ ៤៦.៥លានផោន។

    Arsenal នៅលេខ៦មាន ៥៧ពិន្ទុ ខណៈ West Ham នៅលេខ១៥ មាន៣៥ពិន្ទុ។ ដោយឡែក ជ័យជំនះនេះក៏ជាការកម្តៅសាច់ដុំយ៉ាងល្អសម្រាប់ក្រុមកាំភ្លើងធំ មុនជួប Atletico Madrid នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ថ្ងៃទី២៦ ខែមេសាខាងមុខ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី