• ការប្រកាសបញ្ឈប់ការសាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងបានទទួលការស្វាគមន៍ជាអន្តរជាតិ

     ថ្ងៃចន្ទ 23 ខែមេសា 2018    3600 Views

    ទំហំអក្សរ៖

    ការប្រកាសរបស់ប្រទេសកូរ៉េខាងជើងដែលថា ខ្លួននឹងបញ្ឈប់ការសាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរនោះ បានទទួលការស្វាគមន៍យ៉ាងទូលំទូលាយពីអន្តរជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សាយតាមទីភ្នាក់ងារផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើង, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ការសាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរបន្ថែមទៀតគឺមិនចាំបាច់នោះទេពីព្រោះប្រទេសកូរ៉េខាងជើងសម្រេចបានអាវុធនុយក្លេអ៊ែរហើយ។

    លោក គីម បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះកាលពីថ្ងៃសៅរ៍ថា ចាប់ពីថ្ងៃទី២១ខែមេសាទៅប្រទេសកូរ៉េខាងជើងនឹងឈប់សាកល្បងអាវុធនុយក្លេអ៊ែរ និងការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប។ ការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលនេះបាននិយាយបញ្ជាក់ថាការបញ្ឈប់នេះគឺដើម្បីបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច និងសន្តិភាពនៅលើឧបទ្វីបកូរ៉េមុនពេលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

    ទីភ្នាក់ងារផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសកូរ៉េខាងជើងបាននិយាយដែរថា ទីតាំងសាកល្បងក៏នឹងត្រូវបានបិទដែរ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានហៅសកម្មភាពនេះរបស់ប្រទេសកូរ៉េខាងជើងថាជា ដំណឹងល្អសម្រាប់ពិភពលោក ហើយប្រទេសកូរ៉េខាងត្បូងបាននិយាយថា នោះគឺជាភាពរីកចម្រើនដ៏មានអត្ថន័យ។

    ចំណែកសហភាពអឺរ៉ុបបាននិយាយថា ការប្រកាសនោះរបស់ប្រទេសកូរ៉េខាងជើងគឺជាភាពវិជ្ជមាន ប៉ុន្តែជាមួយគ្នានោះក៏បានអំពាវនាវអោយលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ គួរកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងបច្ចុប្បន្ននេះកំពុងតែត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី