ការិយាល័យប្រធានាធិបតីអាមេរិកបានចេញមកបដិសេធការចោទប្រកាន់ដែលថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មានទំនាក់ទំនងផ្លូវភេទជាមួយតារាភាពយន្តអាសអាភាសអ្នកនាង ស្តូមី ដានីញ៉ែល (Stormy Daniels) ក្នុងឆ្នាំ២០០៦ ។
អ្នកនាំពាក្យអោយការិយាល័យប្រធានាធិបតីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី ត្រាំ មិនជឿថារាល់ការអះអាងដែលអ្នកនាង ដានីញ៉ែល បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍នោះមានសុក្រឹតភាពឡើយ។
សូមរំលឹកថា អ្នកនាង ស្តូមី ដានីញ៉ែល (Stormy Daniels) បាននិយាយយ៉ាងលំអិតអំពីទំនាក់ទំនងផ្លូវភេទរបស់នាងជាមួយ លោក ត្រាំ កាលពីអំឡុងឆ្នាំ២០០៦នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។
នៅក្នុងបទសម្ភាសន៍នោះអ្នកនាង ដានីញ៉ែល បាននិយាយថាក្នុងឆ្នាំ២០១១រូបនាងត្រូវបានគេគំរាមមិនអោយឆាឆៅលោក ត្រាំ ហើយរូបនាងបានទទួលប្រាក់១៣ម៉ឺនដុល្លារអាមេរិកពីមេធាវីលោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ដើម្បីអោយនាងរក្សាការសម្ងាត់អំពីទំនាក់ទំនងផ្លូវភេទនោះ។
បច្ចុប្បន្ននេះ មេធាវីរបស់លោក ត្រាំ កំពុងតែស្វះស្វែងប្ដឹងរកសំណងជាទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិកពីតារាស្រីម្នាក់នេះដោយនិយាយថាតារាស្រីរូបនេះបានបំពានកិច្ចសន្យារក្សាការសម្ងាត់នោះ។
ជាមួយគ្នានោះ អ្នកនាង ដានីញ៉ែល ក៏កំពុងតែប្ដឹងលោក ត្រាំ ដែរដោយចោទប្រកាន់ថាកិច្ចសន្យាដែលនាងបានចុះហត្ថលេខានោះមិនមានសុពលភាពទេដោយសារ លោក ត្រាំ មិនបានចុះហត្ថលេខាលើកិច្ចសន្យានោះទេ៕
ប្រភព៖ CNC