អ្នកចាត់ការ Ernesto Valverde បានអោយដឹងថា ការឈ្នះជើងឯក Copa del Rey គឺបានបន្ថយការឈឺចាប់ ក្រោយពួកគេធ្លាក់ពី UEFA Champions League។ បុរសវ័យ៥៤ឆ្នាំរងការរិះគន់ខ្លាំងបន្ទាប់ពីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយចាញ់ AS Roma។
យ៉ាងណាក្តី ក្រុមអ្នកមានបុណ្យ បានយកឈ្នះ Sevilla ៥-០ ដើម្បីគ្រងជើងឯក Copa del Rey ជាលើកទី៣០ និងជាពានដំបូងរបស់លោក Valverde ក្រោយមកដឹកនាំ នាទឹកដី Camp Nou កាលចុងខែឧសភា ឆ្នាំទៅ។
បុរសសញ្ជាតិអេស្ប៉ាញអោយដឹងបែបនេះ “ យើងមានសំពាធច្រើនណាស់កន្លងមក តែលោកជឿថា ការឈ្នះពានរង្វាន់នាពេលនេះ ធ្វើអោយគ្រប់គ្នាបន្ថយការឈឺចាប់ ដោយសារការរបូតពាន UEFA Champions League។” Barcelona ក៏កំពុងសម្លឹងមើលជើងឯក La Liga ១ទៀត ប្រសិនបើក្រុមលេខ២ Atletico Madrid ចាញ់ Real Betis នៅថ្ងៃនេះ តែបើ Atletico Madrid ឈ្នះវិញ Barcelona ត្រូវផ្តួល Deportivo នៅសប្តាហ៍ក្រោយ ដើម្បីតំណែងជើងឯក៕