បើតាមអ្នកស្រី សោ ភន ត្រូវជាម្ដាយបង្កើតអ្នកស្រី ហ៊ឹម ស៊ីវន បានមានប្រសាសន៍ថា ចៅស្រីរបស់ខ្លួនបានទទួលបណ្ណាការពីភាគីខាងកូនកំលោះនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក។
ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះបន្ថែមថា បណ្ណាការចំនួន ១០ម៉ឺនដុល្លារកូនស្រីរបស់ខ្លួន(អ្នកស្រី ហ៊ឹម ស៊ីវន) និងចៅស្រីមិនបានទាមទារ ឬតម្រូវពីភាគីខាងប្រុសឡើយ តែខាងប្រុសជាអ្នកពេញចិត្តជូននូវបណ្ណាការដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ ដើម្បីយកមករៀបចំកម្មវិធីមង្គលការទាំងមូល។
“ចំពោះបណ្ណាការ ១០ម៉ឺនដុល្លារហ្នឹង កូន និងចៅស្រីខ្ញុំអត់តម្រូវទេ ហើយមិនមែនជាលុយសុទ្ធទាំងអស់ទេ យើងសរុបទាំងគ្រឿងអលង្ការ មានចិញ្ចៀនពេជ្រ ខ្សែក ខ្សែដៃអីទៀត ដែលខាងប្រុសគាត់ជូនមកណាក្មួយ ”។ ម្ដាយអ្នកស្រី ហ៊ឹម ស៊ីវន បានរៀបរាប់ដូច្នេះ។
មង្គលការកូនស្រីពៅកំពូលតារាចម្រៀងអ្នកស្រី ហ៊ឹម ស៊ីវន ត្រូវបានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យទី៧ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ឯកឧត្ដមក្នុងជួរថ្នាក់ដឹកនាំប្រទេស៕
ប្រភព៖ sabay