រយៈពេលកន្លងទៅ ពិភពសិល្បៈចិនមានរឿងអាស្រូវច្រួលច្របល់ច្រើនពាក់ព័ន្ធនឹងបញ្ហាលុយកាក់។ ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយជនទន់ខ្សោយជារឿងល្អបំផុត ប៉ុន្តែតារាល្បីរបស់ចិនមួយចំនួនដូចជា Zhang Ziyi, Barbie Hsu, Jackie Chan, Zhao Wei បែរជាជាប់ឈ្មោះមានបញ្ហានឹងរឿងនេះទៅវិញ។
១. តារាសម្ដែង Yang Mi
ក្នុងឆ្នាំ ២០១៥ នាងបានប្រកាសឧបត្ថម្ភម៉ាស៊ីនអង្គុលីលេខចំនួន ៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ជនពិការ។ ប៉ុន្តែកន្លងទៅរយៈពេល ២ឆ្នាំទៅហើយ នាងនៅតែមិនទាន់ធ្វើនូវអ្វីដែលបានសន្យាបាន ជាហេតុធ្វើឲ្យមានមតិរិះគន់ជាច្រើន។
២. តារាសម្ដែង Zhang Ziyi
តារាស្រីរូបនេះក៏ធ្លាប់និយាយក្ដែងៗថានឹងជួយជាប្រាក់ ១លានយ័ន (ប្រហែល ១៥៩ ០០០ដុល្លារ) ដើម្បីជួយដល់ជនរងគ្រោះដែលជួបនូវរឿងលំបាកក្នុងជីវិត។ ប៉ុន្តែដល់ពេល ដល់វេលា Ziyi បញ្ចេញប្រាក់តែ ៨ម៉ឺន ៤ពាន់យ័នប៉ុណ្ណោះ (ប្រហែល ១ម៉ឺន ៣ពាន់ដុល្លារ)។
៣. តារាសម្ដែង Barbie Hsu
ក្នុងពិធីអាពាហ៍ពិពាហ៍នាង និងស្វាមី អ្នកទាំង ២ បានសន្យាថានឹងបរិច្ចាគថវិកាដែលបានពីមង្គលការទៅជូនជនរងគ្រោះ ដែលរងគ្រោះពីហេតុការណ៍រញ្ជួយដីក្នុងខេត្ត Yunnan និងប្រទេសជប៉ុន។ ប៉ុន្តែកន្លងផុតទៅអស់រយៈពេលជាយូរ ដូចជាគ្មានដំណឹងណាមួយពីប្រាក់ឧបត្ថម្ភនេះសោះ ជាហេតុធ្វើឲ្យគ្រប់គ្នាខកចិត្តជាខ្លាំង។
៤. តារាសម្ដែង Jet Li
Jet Li ឬលីលានជាបានស្ម័គ្រចិត្តផ្ដល់ជំនួយឧបត្ថម្ភជួយប្រជាជនដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីក្នុងខេត្ត Sichuan ចំនួន ៦០លានដុល្លារ។ ប៉ុន្តែជារឿងភ្ញាក់ផ្អើល លោកបែរជាផ្ដល់ជំនួយត្រឹម ៦លានដុល្លារប៉ុណ្ណោះ។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នា រិះគន់ចំៗថា តារាប្រុសរូបនេះ បានក្រសោបយកលុយដែលនៅសល់ ៥៤លានទៀត ទុកជាសម្បត្តិផ្ទាល់ខ្លួន។
៥. តារាសម្ដែង Jackie Chan
បុរសកំពូលល្បីក្នុងពិភពក្បាច់គុណរូបនេះ ក៏សម្បូររឿងឈឺក្បាល ទាក់ទងនឹងបញ្ហាលុយកាក់ដែរ នាពេលកន្លងមក។ តួយ៉ាង លោកបានប្រកាសថា នឹងបរិច្ចាគថវិកាមួយចំនួនដែលបានមកពីភាពយន្តខ្នាតធំមួយមានចំណងជើងថា “Little Big Soldier” ទៅជួយវិទ្យាល័យមួយកន្លែងក្នុងស្រុក Beichuan ខេត្ត Sichuan ក្រោយពីតំបន់នោះមានការបំផ្លាញដោយការរញ្ជួយដី។ ប៉ុន្តែអ្វីដែល ឈិនឡូងបានសន្យា មិនទាន់លេចរូបរាងនៅឡើយ។
៦. តារាសម្ដែង Li Yapeng
នៅឆ្នាំ ២០១៤ មានអ្នកនិយមលេងបណ្ដាញអីុនធឺណេតមួយក្រុម បាននាំគ្នារិះគន់លើតារាប្រុសរូបនេះ លើលុយចំនួនប្រមាណ ៥៥ លានយ័ន ពីអង្គការសប្បុរសធម៌ ។ រឿងហេតុនេះ បានធ្វើឲ្យលោករំជួលចិត្តខ្លាំង ដោយបដិសេធជាផ្លូវការភ្លាមៗ បន្ទាប់មកលោក បានសម្រេចចិត្ត បិទធ្វើការសប្បុរសធម៌នោះតែម្ដង។
៧. តារាសម្ដែង Zhao Wei
ចំពោះមហន្តរាយរញ្ជួយដីក្នុងខេត្ត Sichuan ដដែល តារាសម្ដែង Zhao Wei ក៏ជាតារាម្នាក់ដែលបានប្រកាសផ្ដល់ជំនួយ ១០០ ០០០យ័ន (ប្រហែល ១៦ ០០០ដុល្លារ) ទៅកាកបាទក្រហម។ ប៉ុន្តែក្រោយមកស្រាប់តែមានដំណឹងថា តួស្រីត្រចៀកកាំ បរិច្ចាគតែ ២ម៉ឺនយ័ន (ប្រហែល ៣ ២០០ដុល្លារ) ប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហានេះ នាងបានច្រានចោលថាមិនមែនជាការពិតទេ ប៉ុន្តែសម្រាប់មហាជននៅតែ ចោទប្រកាន់នាងដដែល។
៨. តារាសម្ដែង Li Yuchun
មូលនិធិសប្បុរសធម៌ដែលបង្កើតឡើងដោយ Li Yuchun ត្រូវបានគេសង្ស័យជាមួយនឹងពាក្យចចាមអារាមនឹងលុយផ្ដល់ជំនួយ ១,២ លានយ័ន ដោយលុយមូលនិធីទាំងនោះ ដូចជាមិនឃើញ បានផ្ដល់ជំនួយទៅកន្លែងណានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយនាង Li Yuchun បានបដិសេធភ្លាមៗ រាល់ការចោទប្រកាន់ដោយគ្មានហេតុផល ។
៩. តារាសម្ដែង Zhou Xun
ទទួលរងការរិះគន់ ដោយសារនាង បរិច្ចាគប្រាក់តិចតួចពេកដល់អ្នករងគ្រោះ នៅក្នុងការរញ្ជួយដីនៅខេត្តស៊ីឈួន ដែលធ្វើឲ្យអ្នកនិយមលេងបណ្ដាញអីុនធឺណេត នាំគ្នានិយាយអំពីបញ្ហាលុយកាក់ទាំងនេះ ដោយខ្លួនជាតារាល្បីមួយរូបដែរ។ ប៉ុន្តែព័ត៌មាននេះ Zhou Xun នាងបានបកស្រាយថា “សប្បុរសធម៌គឺធ្វើចេញពីទឹកចិត្ត” ៕
ប្រភព៖ trollkhmer