• ប្រធានាធិបតីរុស្ស៊ីនិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលអេស-៤០០ (S-400) ទៅឲ្យប្រទេសតួកគីគឺជាអាទិភាពនៅក្នុងកិច្ចសហប្រតិបត្តិយោធា

     ថ្ងៃព្រហស្បតិ៍ 05 ខែមេសា 2018    6548 Views

    ទំហំអក្សរ៖

    ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលអេស-៤០០ (S-400) របស់ប្រទេសរុស្ស៊ីទៅឲ្យប្រទេសតួកគីគឺជាអាទិភាពនៅក្នុងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២។ ប្រទេសរុស្ស៊ីនឹងផ្គត់ផ្គង់ទៅឲ្យប្រទេសតួកគីនូវប្រព័ន្ធមីស៊ីលដែលមានតម្លៃ២.៥ពាន់លានដុល្លារអាមេរិកនៅក្រោមកិច្ចព្រមព្រៀងមួយរវាងប្រទេសទាំង២។

    ប្រធានក្រុមហ៊ុនបច្ចេកវិជ្ជាក្នុងវិស័យការពារជាតិរបស់ប្រទេសរុស្ស៊ីបាននិយាយកាលពីចុងខែធ្នូថា ប្រទេសតួកគីនឹងបង់ប្រាក់៤៥%ជាមុន ហើយប្រទេសរុស្ស៊ីបានឲ្យខ្ចីប្រាក់ដើម្បីបង់ថ្លៃចំណាយ៥៥%ដែលនៅសល់។ ប្រធានក្រុមហ៊ុនបច្ចេកវិជ្ជានោះបានបន្តថា ប្រទេសរុស្ស៊ីត្រូវបានរំពឹងនឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនទៅឲ្យប្រទេសតួកគីលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០២០។

    កិច្ចព្រមព្រៀងនោះបានបង្កឲ្យមានការព្រួយបារម្ភនៅក្នុងបណ្តាប្រទេសលោកខាងលិច ដោយសារតែប្រទេសតួកគីគឺជាសមាជិកអង្គការណាតូ (NATO) ប៉ុន្តែប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីមិនអាចត្រូវបានបញ្ចូលទៅក្នុងស្ថាបត្យកម្មយោធារបស់អង្គការណាតូ (NATO) បានទេ។

    គួរបញ្ជាក់ថា ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ប្រទេសតួកគីអាចនឹងសហការជាមួយប្រទេសរុស្ស៊ីលើគម្រោងការពារផ្សេងទៀតផងដែរក្រៅពីប្រព័ន្ធមីស៊ីលអេស-៤០០ (S-400) នេះ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី