ពលរដ្ឋអាមេនីបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) ដើម្បីសម្តែងការអបអរសាទរ បន្ទាប់ពីនាយករដ្ឋមន្ត្រីអាមេនីលោក សឺស សាកសាយអាន់ (Serzh Sarksyan) បានប្រកាសចុះចេញពីតំណែងកាលពីថ្ងៃច័ន្ទ។
ការប្រកាសរបស់លោក សាកសាយអាន់ បានធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំប្រឆាំងរដ្ឋាភិបាលលោក នីកូល ប៉ាស៊ីនៀន (Nikol Pashinyan) ត្រូវបានដោះលែងពីការឃុំខ្លួន។ សូមរំលឹកថា លោក ប៉ាស៊ីនៀន (Pashinyan) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានអំពាវនាវឲ្យលោក សាក់សាយអាន់ ចុះចេញពីតំណែងក្នុងអំឡុងការចរចាមួយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍។
លោក សាកសាយអាន់ បានកាន់តំណែងជាប្រធានាធិបតីអាមេនីអស់រយៈពេល១០ឆ្នាំហើយរហូតមកដល់ខែនេះ និងបានប្រឈមមុខនឹងការចោទប្រកាន់ពីការក្តោបក្តាប់អំណាចនៅពេលដែលសភាបានបោះឆ្នោតជ្រើសរើសលោកជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។
ការដាក់សម្ពាធទៅលើលោក សាកសាយអាន់ ដើម្បីឲ្យលាលែងពីតំណែងបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ នៅពេលដែលក្រុមទាហានគ្មានប្រដាប់អាវុធនៅក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ (Yerevan) បានចូលរួមនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី១៣ ខែមេសា។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា លោកគោរពតាមការទាមទាររបស់ក្រុមអ្នកតវ៉ា និងចង់ឲ្យប្រទេសរបស់លោកនៅតែមានសន្តិភាព៕
Source : cnc tv