(ភ្នំពេញ)៖ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានកើតមានឡើងនៅថ្ងៃ២៦ ខែមេសានេះ បន្ទាប់ពីកម្លាំងនៃសាលាខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនគរបានប៉ុស្តិ៍ចោមចៅទី១ នាំគ្នាចុះទៅធ្វើការត្រួតពិនិត្យនៅទីតាំងចម្រុះសំណល់ប្រេងឆា សម្រាប់នាំទៅក្រៅប្រទេស ទៅតាមអ្វីដែលប្រជាពលរដ្ឋរាយការណ៍។ ហើយអ្វីដែលប្រតិបត្តិការនេះរកឃើញនោះ គឺបើយោងទៅតាមរូបភាពដែលបានថតពីទីតាំងខាងលើ គឺពិតជាមានភាពកង្វក់ កង្វះអនាម័យ ប៉ះពាល់បរិស្ថាន ដែលហើយទីតាំងនេះត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ ។
តាមការឱ្យដឹងពីអាជ្ញាធរដែលចូលរួមក្នុងប្រតិបត្តិការនេះបញ្ជាក់ថា សំណល់ប្រេងឆាទាំងនេះ គឺគេប្រមូលទិញតាមហាងភោជនីយដ្ឋានដែលសល់ពីការគេ ចៀន -ឆារួចពី៣ដង យកមកចម្រុះនាំចេញទៅក្រៅប្រទេស តែតាមមើលទៅកន្លងមកប្រជាពលរដ្ឋថា មានលក់ទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ហើយមានខ្លះត្រូវបាននាំទៅលក់នៅអ៊ឺរ៉ុបទៀតផង ។
ដោយខាងអាជ្ញាធរចុះត្រួតពិនិត្យមើលឃើញកង្វក់ ប៉ះពាល់បរិស្ថានមែន ហើយទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែធ្វើអត់មានអនាម័យ ហើយឥឡូវកំពុងចាំមើលការពិសោធន៍នៅពេលក្រោយ បើសិនពិសោធន៍ឃើញមានប៉ះពាល់សុខភាពនោះ ខាងលោកនឹងបិទទីតាំងនោះតែម្តង ។ក្រោយពីអាជ្ញាធរខណ្ឌពិនិត្យរួច ក៏រាយការណ៍ទៅឲ្យកាំកុងត្រួតពិនិត្យតាមក្រោយទៀត មើលថា មានគុណភាព ឬប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់អត់ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាលពីឆ្នាំ២០១៧កន្លងទៅ គឺអាជ្ញាធរបានចុះទៅម្តងហើយ បន្ទាប់ពីប្រជាពលរដ្ឋបារាយការណ៍នោះ ៕
source : cnc tv