ការវាយប្រហាររបស់យោធាកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ខំឲ្យជនជាតិភាគតិចកាឈិន (Kachin) ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តរាប់ពាន់នាក់រត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ចំពេលដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋ និងការរំលោភបំពានសិទ្ធិមនុស្ស។
ជនជាតិភាគតិចកាឈិននេះស្ថិតនៅក្នុងរដ្ឋភាគខាងជើងដែលសំបូរទៅដោយធនធាន និងជាសមរភូមិរវាងយោធាមីយ៉ាន់ម៉ា និងកងទ័ពឧទ្ទាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ខណៈដែលពិភពលោកកំពុងផ្តោតសំខាន់ទៅលើព្រឹតិ្តការណ៍នៅក្នុងរដ្ឋរ៉ាក់ខាញ, យោធាមានសេរីភាពដើម្បីបើកការវាយប្រហារសាជាថ្មីទៅលើរដ្ឋកាឈិន (Kachin) នេះ។
កងទ័ពឧទ្ទាមរបស់ជនជាតិភាគតិចកាឈិនបានការពារតំបន់តូចមួយដែលជារបស់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិកាឈិនខ្លួនឯងផ្ទាល់។ ហើយយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងទៅនឹងពួកគេ រួមជាមួយការវាយប្រហារតាមផ្លូវអាកាស, ការបាញ់ផ្លោង និងទ័ពថ្មើរជើង។
ក្រុមឧទ្ទាមបានឆ្លើយតបភ្លាមៗទៅនឹងការវាយប្រហារដែលកើតឡើងសាជាថ្មីនោះ ខណៈដែលសង្គ្រាមនេះបានធ្វើឲ្យជនជាតិភាគតិចកាឈិន១២ម៉ឺននាក់ផ្លាស់ប្តូរទីលំនៅ ហើយឥលូវនេះពួកគេត្រូវការរណ្តៅត្រង់សេជាច្រើនដើម្បីការពារខ្លួន៕
source : cnc tv