• យោធារុស្ស៊ីនិយាយថា ពួកគេរកឃើញស្តុកអាវុធគីមីរបស់ក្រុមឧទ្ទាមស៊ីរីក្នុងតំបន់ដែលទទួលរងគ្រោះដោយសារការវាយប្រហារដែលគេសង្ស័យថាជាការវាយប្រហារដោយអាវុធគីមីក្នុងប្រទេសស៊ីរី។

     ថ្ងៃពុធ 18 ខែមេសា 2018    3760 Views

    ទំហំអក្សរ៖

    កាលពីថ្ងៃអង្គារ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដែលបង្ហាញពីស្តុកអាវុធគីមីដែលយោធាប្រទេសរុស្ស៊ីបានអះអាងថាត្រូវបានរកឃើញនៅក្នុងតំបន់ដែលរងគ្រោះពីការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេស៊ីរីកាលពីពេលថ្មីៗកន្លងទៅ។ អង្គភាពអាវុធគីមីរបស់យោធារុស្ស៊ីបាននិយាយប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា ក្រុមជំនាញរបស់ពួកគេបានរកឃើញសារធាតុគីមីពពួកក្លរីន និងសមាសធាតុផ្សេងៗទៀតសម្រាប់ផលិតអាវុធគីមីនៅក្នុងមន្ទីរពិសោធន៍មួយកន្លែងក្នុងតំបន់រងគ្រោះដែលគ្រប់គ្រងដោយក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី។

    ក្រុមសកម្មជនស៊ីរីបានបន្ទោសរដ្ឋាភិបាលស៊ីរីចំពោះការវាយប្រហារដោយអាវុធគីមីទៅលើតំបន់នោះកាលពីថ្ងៃទី០៧ខែមេសាដែលបានសម្លាប់មនុស្សយ៉ាងតិច៤០នាក់។ ការវាយប្រហារនោះបានជំរុញអោយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងមួយចំនួនក្នុងប្រទេសស៊ីរីដែលត្រូវបានអះអាងថាជាកន្លែងផលិតអាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី។

    ប្រទេសស៊ីរី និងប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តបានបដិសេធថាគ្មានការវាយប្រហារដោយអាវុធគីមីឡើយនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម និងបានចោទប្រកាន់វិញថាក្រុមឧទ្ទាមបានរៀបចំសម្ដែងបង្កើតជាការវាយប្រហារដោយអាវុធគីមីនោះដោយមានជំនួយពីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី