• សម្តេចតេជោ រំលឹកពីស្នាព្រះហស្ថ ព្រះបរមរតនកោដ្ឋ ដោយដាក់ចំណង់ជើងថា កម្ពុជា ពីសង្រ្គាមរាំរ៉ៃដែលមានតំបន់ត្រួតត្រាច្រើន មកកម្ពុជាតែមួយ

     ថ្ងៃព្រហស្បតិ៍ 19 ខែមេសា 2018    4252 Views

    ទំហំអក្សរ៖

    ជាការពិតនៃប្រវត្តិសាស្រ្តកម្ពុជា គឺព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានខិតខំខ្លាំងណាស់ ដើម្បីនាំមកនូវឯករាជជាតិឆ្នាំ ១៩៥៣។ នេះជាប្រសាសន៍ របស់សម្តេចតេជោហ៊ុនសែន នាព្រឹកថ្ងៃនេះ តាមបណ្តាញសង្គមហ្វេសបុកសម្តេចផ្ទាល់។ អ្វីដែលជាការកត់សំគាល់សម្តេចក៏បានរំលេចរូបភាពមួយសន្លឹកដែលបានថតជាមួយព្រះបរមរតកកោដ្ឋ និងជាមួយហ្លូងម៉ែជាដើម។

    សម្តេចតេជោបញ្ជាក់ថា ព្រះអង្គក៏បានខិតខំខ្លាំងណាស់ដែរ ដើម្បីអោយមានការបង្រួបង្រួមជាតិតាមរយៈការរៀបចំការបោះឆ្នោត ឆ្នាំ១៩៥៥ ដែលពេលនោះកម្ពុជាបានសុខសន្តិភាពត្រឹមតែ៤ ឬ៥ឆ្នាំប៉ុណ្ណោះ ហើយក៏មានផុសឡើងនូវចលនាកម្លាំងប្រដាប់អាវុធដែលមានតំបន់ត្រួតត្រា៤ដូចជា ១)រាជរដ្ឋាភិបាល សម្តេចព្រះ នរោត្តម សីហនុ, ២)តំបន់ខ្មែរស, ៣)តំបន់ខ្មែរខៀវ, និង ៤)តំបន់ខ្មែរក្រហម។ បន្ទាប់មកនៅឆ្នាំ ១៩៧០ ដល់ ១៩៧៥ គឺកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១)តំបន់ត្រួតត្រាដោយរដ្ឋការលន់នល់ និង ២) តំបន់រំដោះសម្តេចព្រះនរោត្តមសីហនុ ។ នៅឆ្នាំ ១៩៧៥ ដល់១៩៧៩ គឺកម្ពុជាបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពត។ ប្រជាពលរដ្ឋខ្មែររស់នៅអត់អាហារ គ្មានផ្ទះសម្បែង ព្រាត់ប្រាស់បែកបាក់គ្រួសារ និងស្លាប់អស់ជាង៣លាននាក់។

    សម្តេចរំលឹកទៀតថា នៅឆ្នាំ ១៩៧៩ ដល់ ១៩៩៣ កម្ពុជាមានតំបន់ត្រួតត្រា៤ សារជាថ្មីឡើងវិញគឺ ១)រដ្ឋាភិបាលភ្នំពេញ (គណបក្សប្រជាជន), ២)ហ្វ៊ុនស៊ីនប៉ិច (សម្តេចព្រះនរោត្តមសីហនុ), ៣)រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (លោកតា សឺន សាន), និង៤)តំបន់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ នៅឆ្នាំ ១៩៩៣ ដល់ ១៩៩៨ កម្ពុជាស្ថិតនៅក្រោមការជួយរៀបចំបោះឆ្នោតដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៃកម្ពុជា (United Nations Transitional Authority of Cambodia- UNTAC) ។ អ៊ុនតាក់បានចំណាយលុយជាង ២,០០០លានដុល្លារ ប៉ុន្តែនៅពេលអ៊ុនតាក់ដកត្រឡប់ចេញទៅ គឺបានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រា២គឺ ១)រាជរដ្ឋាភិបាលកម្ពុជា និង ២)កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហមប៉ុលពត)។ អ្វីដែលកម្ពុជាចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន។

    ការពិតគឺមានតែជនជាតិកម្ពុជាយើងទេដែលធ្វើនយោបាយក្នុងក្របខ័ណ្ឌឈ្នះ-ឈ្នះ។ សម្តេចបានសម្រេចចិត្តបញ្ចប់សង្រ្គាមរាំរ៉ៃអោយខានតែបាន។ ពេលនោះម្តាយធំរបស់សម្តេចបានសួរថា “ពេលដែលឯងចូលទៅតំបន់ខ្មែរក្រហម… មិនខ្លាចខ្មែរក្រហមបាញ់សម្លាប់ទេអី?” ខ្ញុំបានឆ្លើយថា “ប្រសិនបើស្លាប់.. ស្លាប់តែខ្លួនខ្ញុំ និងអ្នកទៅជាមួយខ្ញុំតែប៉ុន្មាននាក់តែប៉ុណ្ណោះ… ប៉ុន្តែបើបានមកវិញ… គឺបានផែនដីទាំងមូលតែម្តង” ។ ពិតណាស់ ចាប់ពីពេលនោះមកទល់ពេលនេះ គឺដែនដីកម្ពុជាបានឯកភាពជាតិ ២០ឆ្នាំរួចស្រេចមកហើយ!។

    ដូច្នេះទម្រាំកម្ពុជា មានសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ គឺយើងបានខិតខំប្រឹងប្រែងនិងលះបង់អាយុជីវិតមនុស្សច្រើនណាស់។ ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពអោយខានតែបាន៕

    ប្រភព៖ CNC TV


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី