• ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាខែក្រោយ រួមនឹងព្រឹត្តការណ៏ Yoga ដ៏ធំៗមួយទៀត នៅខែមិថុនា

     ថ្ងៃសៅរ៏ 21 ខែមេសា 2018    3973 Views

    ទំហំអក្សរ៖

    (ភ្នំពេញ) ៖ឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី ម៉ានីកា ចេន បានបញ្ជាក់ថា ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yoga Day) និងរៀបចំឲ្យមាន ការសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

    ក្នុងជំនួបពិភាក្សាជាមួយឯ.ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៏ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ពីការខិតខំ បង្កើនកិច្ច សហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យ ទេសចរណ៍ ដោយភាគីឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចរៀង រាល់ឆ្នាំ ដែលមានដូចជា ព្រឹត្តការណ៏សម្ដែងសិល្បវប្បធម៌ រួមគ្នាដ៏ធំមួយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និង ព្រឹត្តិការណ៍លំហាត់ប្រាណ តាមបែប «យោគៈ» ក្នុងខែមិថុនា ឆ្នាំ២០១៨ រួមនឹងកិច្ចប្រជុំក្រុមការងារ ទេសចរណ៍រវាងកម្ពុជា និងឥណ្ឌាលើកទី២។


    លោកស្រី ម៉ានីកា ចេន បញ្ជាក់ទៀតថា ភាគីឥណ្ឌានឹងមានរៀបចំសិក្ខាសាលាថ្មីមួយ ដែលប្រមូលផ្ដុំទៅដោយវិនិយោគិនឥណ្ឌា ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ល្បីៗរបស់ឥណ្ឌា ដើម្បីធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅជំរុញកំណើនទេសចរ ពីគ្នាទៅវិញទៅមក។


    ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត ផ្ដួចផ្ដើមនៃការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍នានា របស់ភាគីឥណ្ឌានៅកម្ពុជា ជាពិសេសរដ្ឋមន្ត្រីទេសចរណ៏ បានប្រកាស ស្វាគមន៍ចំពោះការហោះ ហើរត្រង់ពីឥណ្ឌាមកកម្ពុជា ខណៈភ្ញៀវទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង ទោះបីមិនទាន់ច្រើន ក្រាស់ក្រែលយ៉ាងណាក៏ដោយ។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី