រឿងភាគខ្មែរថ្មី ដែលផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
August 18th, 2021 8:39 am | Category: News
នៅពេលនេះមានភាពយន្តភាគខ្មែរមួយរឿងកំពុងតែថតអំពីសត្វដំរី និងតំបន់សក្ដានុពលទេសចរណ៍នៅខេត្តភូមិភាគឦសាន របស់កម្ពុជា ដែលជាការវិនិយោគរបស់ទូរទស្សន៍ CTN ។
ដោយមានចេតនាលើកកម្ពស់ពីសត្វដំរីកម្ពុជា ស្របពេលដែលកន្លងមកមានភាពយន្តក្នុងស្រុកតិច និងស្ទើរគ្មានផងនិយាយអំពីសត្វដំរី ដែលជាប្រភេទសត្វមួយទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងការពារខ្ពស់ ដូច្នេះហើយសូម្បីតែចំណងជើងនៃរឿងក៏ត្រូវបានដាក់បញ្ចូលសត្វដំរីផងដែរ ។
តាមលោក ម៉ាប់ ដែលជាអ្នកដឹកនាំរឿងមួយនេះ បានបញ្ជាក់ថា៖ “នេះគឺជាខ្សែភាពយន្តភាគខ្នាតធំប្រចាំឆ្នាំ របស់ទូរទស្សន៍ CTN ដោយរឿងមួយនេះមានចំណងជើងថា “ម្ចាស់ក្រោលដំរី” និងបានចំណាយទុនវិនិយោគយ៉ាងសម្បើមឯណោះ ។
ភាគច្រើននៃសាច់រឿងទាំងមូលត្រូវបានថតនៅលើទឹកដីខេត្តមណ្ឌលគីរី ពិសេសក្នុងភូមិ ពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជាទីតាំងដែលសត្វដំរីត្រូវបានថែរក្សាការពារឱ្យនៅមានសេសសល់ដោយបងប្អូនជនជាតិក្នុងតំបន់ ។
អ្នកដឹកនាំរឿងខាងលើបានថ្លែងបន្តទៀតថា៖ “ចំណុចសំខាន់នៃរឿងនេះ គឺចង់ផ្សព្វផ្សាយពីសត្វដំរី និងខេត្តមណ្ឌលគីរី ដែលជាខេត្តមួយពោរពេញទៅដោយធម្មជាតិ ដ៏ស្រស់ស្អាត ពិសេសលើកទឹកចិត្តឱ្យអ្នកទស្សនាចូលរួមស្រលាញ់អភិរក្សចូលរួមការពារព្រៃឈើ និងសត្វ ព្រៃផងដែរ” ។
ក្រៅពីបោះទីតាំងថតនៅតំបន់មានសក្ដានុពលទេសចរណ៍សំខាន់ៗជា ច្រើនក្នុងខេត្តមណ្ឌលគិរី រឿងនេះក៏បានចុះទៅថតនៅតំបន់ទឹកធ្លាក់ច្រកល្អៀង នៃខេត្ត ពោធិ៍សាត់ តំបន់មួយចំនួននៅខេត្ត សុរិន្ទ និងរាជធានី ភ្នំពេញជាដើម ។
តួសម្ដែងក្នុងរឿងភាគខ្នាតធំនេះមានដូចជាអ្នកនាង អម្ពរ ទេវី លោក អ៊ុន សិទ្ធា និងតារាប្រុស ស្រី ជាច្រើនរូបទៀត ដែលសុទ្ធតែជាតួអង្គល្បីៗក្នុងប្រទេសកម្ពុជា ។
ប្រសិនបើអ្វីដើរទៅតាមការគ្រោងទុក លោក បេនលី ម៉ាប់ ប្រាប់ថាខ្សែ ភាពយន្តភាគ “ម្ចាស់ក្រោលដំរី” អាចនឹងដាក់បញ្ចាំងជូនប្រិយមិត្តទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN នាដើមឆ្នាំ២០២០ ខាងមុខនេះ ៕