• Gabriel Jesus តែតបញ្ចូលទីអោយប្រេស៊ីល ផ្តួលអាល្លឺម៉ង់ បានសម្រេច

     ថ្ងៃព្រហស្បតិ៍ 29 ខែមីនា 2018    5276 Views

    ទំហំអក្សរ៖

    ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានជួបបរាជ័យជាលើកដំបូងក្នុងចំណោម២៣ប្រកួតចុងក្រោយ ដោយចាញ់ប្រេស៊ីល ១ទល់នឹង០ នៅជំនួបមិត្តភាពអន្តរជាតិ កាលយប់មិញ។

    ជំនួបនាទីក្រុង Berlin ពេលនេះគឺជាការប៉ះគ្នាលើកដំបូងរវាងក្រុមទាំងពីរចាប់តាំងពីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត FIFA World Cup 2014 ដែលអាល្លឺម៉ង់ បានបំបាក់ម្ចាស់ផ្ទះប្រេស៊ីល ៧-១ ឯណោះ។ ក្នុងការប្រកួត អាល្លឺម៉ង់គ្រប់គ្រងបាល់៥៨ភាគរយ និងស៊ុត១៣លើក ច្រើនជាងប្រេស៊ីល ៣លើក តែមិនមានគ្រាប់បាល់ណាមួយអាចទម្លាយសំណាញ់ទីឡើយ។

    ផ្ទុយមកវិញ ប្រេស៊ីល បានរកឃើញជ័យជំនះ ដោយការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus ក្រោយ Willian បញ្ចូនបាល់អោយនៅនាទី៣៧។ ក្រុមឥន្ទ្រីយ៍ដែក ព្យាយាមវាយសម្រុកវិញនិងជិតតាមស្មើដោយការស៊ុតពី Toni Kroos នៅនាទី៩០ប៉ុន្តែត្រូវ អ្នកចាំទី Alisson សង្គ្រោះបាន។

    នេះក៏បរាជ័យលើកដំបូងសម្រាប់អាល្លឺម៉ង់តាំងពីចាញ់បារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2016 កន្លងទៅ។ សម្រាប់ជំនួបមិត្តភាពជាបន្តគឺ អាល្លឺម៉ង់ប៉ះអូទ្រីស ខណៈប្រេស៊ីលប៉ះក្រូអាត នៅដើមខែមិថុនា ខាងមុខ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី