បុរសនេះហើយដែលតែងនៅក្បែរខ្លួន ខាន់ ចេសា ជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

ភ្នំពេញ៖ ក្រោយចប់ការប្រកួតលើវិញ្ញាសា ជឺជិតស៊ូ កាលពីម្សិលមិញនេះ ខាន់ ចេសា ដណ្តើមបានមេដាយប្រាក់ដែលខុសពីការរំពឹងទុករបស់នាងថានឹងដណ្តើមមេដាយមាសជូនប្រទេសនៅស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប៉ុន្តែគួរឱ្យស្តាយដែលកីឡាការនី ខាន់ ចេសា បានភ្លាត់ដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះដោយចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis។ ក្តីសង្ឃឹមដែលបានរំពឹងទុកត្រូវបានខកបំណងជាខ្លាំងជាហេតុធ្វើឱ្យ ខាន់ ចេសា តំណាងឱ្យកម្ពុជាខូចចិត្តជាខ្លាំងបានត្រឹមអង្គុតយំសោកស្តាយប៉ុណ្ណោះ។

ទោះបីជាដណ្តើមបានត្រឹមមេដាយប្រាក់ក៏ដោយប៉ុន្តែ ចេសា ទទួលបានការអបអរយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រ និងជាពិសេសមានឪពុករបស់នាងដែលជាគ្រូបង្វឹកផ្ទាល់នៅក្បែរលួងលោមផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់នាងផងដែរ។

ឪពុករបស់ ចេសា គឺជាគ្រូបង្វឹកជំនាញផ្នែកកីឡា ជឺជិតស៊ូ ឈ្មោះ ខាន់ ភីទើរ មានសញ្ជាតិខ្មែរ-អាមេរិក ដែលបានបង្វឹក ចេសា ចាប់តាំងពីនាងមានវ័យ ១២ឆ្នាំម្ល៉េះ ធ្វើឱ្យសមត្ថភាពរបស់ ចេសា មានការរីកចម្រើនរហូតអាចដណ្តើមបានមេដាយមាសជាច្រើនកន្លងមកផងដែរ៕