មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេតែកីឡាការិនី ពៅ សុខា ថែមទាំងមានសមត្ថភាពខ្ពស់អាចដណ្តើមបានមេដាយដល់ទៅ ៥គ្រឿងក្នុងការព្រឹត្តិការណ៍ស៊ីហ្គេម២០២៣

ភ្នំពេញ៖ ខិតខំហ្វឹកហាត់កីឡា វ៉ូវីណាម អស់រាប់ឆ្នាំទម្រាំកីឡាការិនីរូបស្រស់សោភា ពៅ សុខា សន្សំបានសមត្ថភាពខ្ពស់អាចដណ្តើមបានមេដាយជាច្រើនគ្រឿងចាប់តាំងពីចូលប្រលូកក្នុងវិស័យកីឡារហូតមកដល់ពេលនេះ។

កីឡាការនីរូបនេះធ្លាប់ដណ្តើមបានមេដាយលំដាប់ពិភពលោកដែលធ្លាប់ប៉ះជាមួយនឹងកីឡាការិនីសុទ្ធសឹងតែជាជើងខ្លាំងមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកដែលរំឭកទៅកាលទើបចូលប្រលូកក្នុងវិស័យកីឡាដំបូងៗ ពៅ សុខា មិនអាចយកឈ្នះដៃគូប្រកួតបានឡើយ។ ចាប់តាំងពីពេលនោះកីឡាការនីរូបនេះបានដាក់ចិត្តដាក់កាយឱ្យកាន់តែខ្ពស់ក្នុងការហ្វឹកហាត់ និងប្តេជ្ញាយកមេដាយជូនជាតិឱ្យទាល់តែបាន។

ខណៈពេលដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះទៀតសោតគឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់កីឡាការិនី ពៅ សុខា ដណ្តើមមេដាយសម្រាប់ប្រទេសជាតិជាលទ្ធផលនាងដណ្តើមបានមេដាយរហូតដល់ទៅ ៥គ្រឿង ក្នុងនោះមានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរឹទ្ធចំនួន១គ្រឿង។

គួរបញ្ជាក់ដែរថា កីឡាការិនី ពៅ សុខា បានបញ្ជាក់ពាក្យមួយឃ្លាដ៏មានន័យថា ជោគជ័យមួយនេះគឺសម្រាប់ប្រទេសជាតិកម្ពុជារបស់នាងដែលនាងបានប៉ង និងបានបំពេញបានដោយរលូនផងដែរ៕