ឃើញភ្លាម លង់ភ្លែតតែម្តងដោយសារតែសម្រស់តួសម្តែងស្រី ដែលមាននៅក្នុងរឿងភាគខ្មែររបស់ CTN

ស្ថានីយទូរទស្សន៍ CTN ដែលទស្សនិកជនគ្រប់គ្នាបានដឹងថា តែងតែពាំនាំមកនូវអ្វីដែលថ្មី ជាពិសេសភាពយន្តខ្នាតធំ ឬភាពយន្តភាគខ្មែរល្អៗជូនបងប្អូនទស្សនាមិនដែលអាក់ខាននោះឡើយ។ ជាក់ស្តែងបើនិយាយពីតួអង្គនារីក្នុងរឿងនីមួយៗ ក៏ទទួលបានការគាំទ្រជាច្រើន ដោយសារតែសមត្ថភាពនៃការសម្តែងដ៏សាកសម និងសម្រស់ស្រស់ស្អាត ប្រៀបបានទៅនឹងព្រះនាងក្នុងរឿងព្រេងនិទានដូច្នោះដែរ។

ថ្ងៃនេះ MyTV PLUS សូមរៀបរាប់ និងណែនាំពីតួសម្តែងនារីៗ ចំនួន ៧រូប ដែលទស្សនិកជនធ្លាប់បានឃើញដូចជា ៖

១. កញ្ញា កុសម៉ា លីនដា ៖
សព្វថ្ងៃស្រីស្អាតរាងតូចច្រឡឹងម្នាក់នេះ កំពុងតែទទួលបានការគាំទ្រជាច្រើន តាមរយៈការសម្តែងជាតួប្រពន្ធរបស់ សន គឺពិតជាកំពូលប្រពន្ធមួយរូប ដែលទស្សនិកជនគ្រប់គ្នាស្អប់(តែក្នុងរឿងទេណា) ប៉ុន្តែបើនិយាយសម្រស់របស់កញ្ញា ការញញឹមបែបស្រទន់របស់នាង គឺបានធ្វើឱ្យអ្នកទស្សនាជាច្រើនលាន់មាត់សរសើរ។ រឿងភាគរបស់កញ្ញាដែលបានចាក់ផ្សាយ និងកំពុងចាក់ផ្សាយនៅ CTN មានដូចជារឿង “អាសុខស្លូត អាសុខកាច” និង “ស្រីក្ងោកមាស” ជាដើម ។

២. កញ្ញា ជា ស្រីរ័ត្ន ៖
ក្រៅពីមានអាជីពជាតារាសម្តែង កញ្ញាក៏ជាអ្នកដឹកនាំរឿងមួយរូបដ៏ពូកែផងដែរ។ រឿងព្រេងនិទាន ដែលកញ្ញាបានដឹកនាំ និងបានសម្តែងដោយខ្លួនឯង ទទួលបានគាំទ្រជាច្រើនពីទស្សនិកជន មិនថានៅទីណា ក៏បានស្គាល់រឿងព្រេងនិទាន “អាសុខស្លូត អាសុខកាច” ដែរមែនទេ? លើសពីនេះ មានទស្សនិកជនជាច្រើនបានផ្ញើសារមកគាំទ្រ និងសរសើរពីសមត្ថភាពរបស់កញ្ញាតាមរយៈហ្វេសបុកផេករបស់ CTN ថាពិតជាសម្តែងបានល្អ ហើយពិតជាស្រស់ស្អាតមែនទែន ។

៣. កញ្ញា ប៉ុន សុរ៉ាវត្តី ៖
កញ្ញា ប៉ុន សុរ៉ាវត្តី ឬ អាំ ដែលបងប្អូនបានស្រក់ទឹកភ្នែកតាម ដោយសារតែរសជាតិជិីវិតរបស់កញ្ញាក្នុងរឿងភាគខ្មែរ “អធិដ្ឋានស្នេហ៍” ពិតជាកម្សត់មែនទែន ជាពិសេសនៅពេលលោក ឯក បានចាញ់ល្បិចជនខិលខូច និងបានធ្វើបាបចិត្តអាំជាខ្លាំងរហូតត្រូវចាកចេញពីផ្ទះ ត្រលប់ទៅរស់នៅជាមួយលោកពុកវិញ។ បើនិយាយពីសម្រស់ ក៏មិនធម្មតា ញញឹមស្រស់ ឈ្នះអស់ផ្ការីកគ្រប់រដូវ បូករួមជាមួយការសម្តែងដ៏ល្អរបស់កញ្ញាផងនោះ នៅពេលនេះបើតាមការសាកសួរពីអ្នកជិតដិតរបស់កញ្ញា គឺថារវល់រកពេលតែសម្រាកមិនចង់បានផង។ យ៉ាងណាមិញ កញ្ញាក៏នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CTN ជាមួយកម្មវិធីកម្សាន្តថ្មីមួយ និងនៅក្នុងរឿងព្រេងនិទានខ្មែរមានចំណងជើងថា “ចោរចិត្តជា” ដែលនឹងមានចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ។

៤. កញ្ញា សុម៉ា ឡាឡែន ៖
កញ្ញា សុម៉ា ឡាឡែន ដែលជាប្រពន្ធរបស់ សន ក្នុងរឿងព្រេងនិទាន “ស្រីក្ងោកមាស” ពិតជាស្អាតមិនចាញ់តារាសម្តែងទាំង៣ ខាងលើនោះទេ។ បើនិយាយពីថា ចង់សម្តែងកាច គឺកាច ស្លូតគឺស្លូត។ ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំកញ្ញាបាន និងមានមនុស្សមិនតិចនាក់នោះទេ ដែលបានខ្លាចកញ្ញាតាមរយៈរឿងភាគខ្មែរ “ទេពធីតាព្កុលមាស” ដែលពេលនោះ កញ្ញាបានដើរតួជាព្រាយមួយរូបដែលកាចសាហាវ ប៉ុន្តែនៅទីបញ្ចប់បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបាក់ចិត្តលើ ដោយសារការផ្លាស់ប្តូរអត្តចរិតមកជាស្លូតបូត ចេះជួយយកអសារមនុស្សល្អវិញ ។

៥. កញ្ញា ហង្ស ស្រីរ័ត្ន ៖
ទស្សនិកជនប្រាកដជាធ្លាប់បានស្គាល់កញ្ញា ត្បិតនារីដែលមានស្នាមញញឹមដ៏ទាក់ទាញម្នាក់នេះ គឺជាតារាសម្តែង និងបង្ហាញម៉ូតដែលមានឈ្មោះបោះសម្លេងមួយរូប។ កញ្ញាគឺជាតួអង្គម្នាក់ដែលទស្សនិកជនចូលចិត្តជាខ្លាំង ព្រោះកញ្ញាគឺជាប្រពន្ធគ្រប់លក្ខណ៍របស់ សន ក្នុងរឿងព្រេងនិទាន “ស្រីក្ងោកមាស”។ កញ្ញា គឺជានារីម្នាក់ដែលតែងតែមានស្នាមញញឹមមិនចេះរីងស្ងួត សម្រស់របស់កញ្ញា គឺមិនថាស្លៀកពាក់ក្នុងឈុតសម័យថ្មី ឬឈុតបុរាណ គឺពិតជាស្រស់ស្អាតគ្មានទាស់នោះឡើយ។

៦. កញ្ញា ហ្វា ហ្វា ៖
ស្រីស្រស់ សាច់សខ្ចី រាងខ្ពស់ស្រឡះរូបនេះ ពិតជាកំពុងធ្វើឱ្យអ្នកគាំទ្របុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍ជាច្រើន ជាមួយការសម្តែងបានគ្រប់ទម្រង់ មិនថាសម័យ ឬបុរាណ កាចឆ្នាសជាងយក្ខិនី ឬក៏ស្លូតបូតនោះទេ។ កញ្ញា ហ្វា ហ្វា គឺជាប្រពន្ធគ្រប់លក្ខណ៍មួយរូបផងដែររបស់ សន ដែលតែងតែចេះទុកដាក់ ថែរក្សាទ្រព្យ គោរពលោកប្តីបានយ៉ាងល្អឥតខ្ចោះ ណាស់តែលោកប្តី ចេះតែមើលរំលងរូបនាងរហូត។ ក្រៅពីរឿងព្រេងនិទានខ្មែរមួយនេះ កញ្ញាក៏តែងតែមានវត្តមានក្នុងកម្មវិធីកម្សាន្ត “តោះសើច” ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨យប់ និងឆាប់ៗខាងមុខនេះ ទស្សនិកជននឹងបានជួបកញ្ញាក្នុងរឿងភាគខ្មែរថ្មី នោះគឺរឿង “មាយាស្រ្តី” ។

៧. កញ្ញា សាន កុសុមៈ ៖
អ្នកគ្រប់គ្នា គឺច្បាស់ជាបានឃើញរូបគាត់ តាមរយៈការផ្សព្វផ្សាយពីខ្សែភាពយន្តភាគខ្មែរខ្នាតធំ ដល់ទៅ ២រឿង ដែលមានចំណងជើងថា “នគរមាស” និង “ដើមរលួសមាស” នៅលើកញ្ចក់ទូរទស្សន៍ CTN ហើយមែនទេ? បើនិយាយពីការសម្តែង ទស្សនិកជនមួយចំនួនប្រហែលជាមិនទាន់បានឃើញពីសមត្ថភាពរបស់កញ្ញានៅឡើយទេ។ ត្បិតអ្វី កញ្ញាក៏ធ្លាប់បានបញ្ជាក់ប្រាប់ MyTV Plus ថាការសម្តែងភាពយន្តភាគខ្នាតធំនេះ គឺជាការសម្តែងលើកទី១របស់កញ្ញា។ ដូច្នេះសូមរង់ចាំតាមដានទស្សនានូវការសម្តែងរបស់កញ្ញាទាំងអស់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទ ៖ លីន រតនា